ភ្នំពេញ៖អគ្គិភ័យបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ក្នុងខណ្ឌចំនួន២ បានបំផ្លាញផ្ទះឈើ១ខ្នង,ផ្ទះថ្ម៣ល្វែង និងផ្ទះមួយមាន១១បន្ទប់ សមត្ថកិច្ចកំពុងស៊ើបអង្កេត រកមូលហេតុ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ករណីទី១-ភ្លើងឆេះផ្ទះឈើ១ខ្នងនិងផ្ទះថ្ម៣ល្វែងនៅម្តុំស្តុបអិនធើខន តាមផ្លូវ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែធ្នូ។មុនកើតហេតុមានគំនរឈើដាក់ទ្រអីវ៉ាន់នៅមុខផ្ទះភ្លើងបានឆេះហើយក៏រាលដាលដល់ផ្ទះឈើលើថ្មក្រោមនិងបន្តឆេះផ្ទះល្វែង៣ល្វែងនៅជិតនោះទៀតនិងរថយន្តតាកូម៉ាអស់១គ្រឿងនិងសម្ភារទាំងស្រុង។
ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅខាងរថយន្តទឹកចេញមកជួយអន្តរាគមន៍។ផ្ទះដែលឆេះប្រភេទឈើប្រក់សង័្កសីទំហំ ៨ម៉ែត្រគុណ២៥ម៉ែត្រអស់ទាំងស្រុង និងខូចខាតសម្ភារជាច្រើន។ម្ចាស់ឈ្មោះហ៊ួត មុំ អាយុ៤១ឆ្នាំ ជាអ្នកលក់ឈើបាឡែត។
ករណីទី២-អគ្គិភ័យបានឆេះផ្ទះមួយនៅសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែធ្នូ។ជាសំណង់បេតុងទំហំ២ម៉ែត្រគុណ៤ម៉ែត្រមាន១១បន្ទប់ ត្រូវភ្លើងឆេះអស់ទាំងស្រុង។គ្រោះអគ្គិភ័យទាំង២ករណីនេះមិនមានប៉ះពាល់ដល់ជីវិតមនុស្សទេ ហើយអាជ្ញាធរក៏មិនទាន់បញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយដែរ។ជាមួយនោះសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតពីមូលហេតុនៃការឆេះនេះ៕ដោយ៖វិចិត្រ