ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុមជម្រើសជាតិបារាំង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ក្នុងថ្ងៃខួបកំណើតគម្រប់ ៣៥ឆ្នាំរបស់ខ្លួន កាលពីថ្ងៃចន្ទ ពោលគឺ ១ថ្ងៃបន្ទាប់ពីក្រុមរហស្សនាម «Les Bleus» (ពណ៌ខៀវ) បានចាញ់ក្រុមអាហ្សង់ទីន ដោយការទាត់បាល់ប៉េណាល់ទីកាត់ក្ដី ក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup។
កីឡាករ Benzema ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or និងដែលស៊ុតបញ្ចូលទីបាន ៣៧ដងពីការបង្ហាញខ្លួន ៩៧លើក ត្រូវបានគេរំពឹងថា នឹងនាំមុខគេ ក្នុងក្រុមបារាំង នៅប្រទេសកាតា ប៉ុន្តែបានអវត្តមានពី World Cup ដោយសាររងរបួសភ្លៅ ក្នុងពេលហ្វឹកហាត់ ១ថ្ងៃមុនពេល ការប្រកួតផ្លូវការចាប់ផ្តើម។
កីឡាករ Benzema បានសរសេរនៅលើគណនី Twitter ថា៖ «ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបង្កើតកំហុសជាច្រើន ដែលវាបាននាំខ្ញុំឱ្យដល់ទៅកន្លែងសព្វថ្ងៃនេះ ហើយខ្ញុំមានមោទនភាពចំពោះគ្រប់យ៉ាង។ ខ្ញុំបានសរសេររឿងរបស់ខ្ញុំ ហើយរឿងរបស់យើងកំពុងដល់ទីបញ្ចប់ហើយ»។
កីឡាករ Benzema បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូង ក្នុងឆ្នាំ២០០៧។ រូបគេបានចូលលេង ក្នុងការប្រកួតប្រជែងជើងឯកអឺរ៉ុប ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ ក៏ដូចជា World Cup 2014 ប៉ុន្តែត្រូវបានដកចេញឈ្មោះពីក្រុមការប្រកួតសំខាន់ៗចំនួន ២ នាពេលបន្ទាប់ ដោយសារមានពាក់ព័ន្ធនឹងរឿងអាស្រូវជំរិតទារប្រាក់។
រូបគេត្រូវបានកោះហៅមកក្រុមជម្រើសជាតិវិញ សម្រាប់ Euro 2020 កាលពីឆ្នាំមុន ដែលក្រុមរបស់លោក Didier Deschamps បានធ្លាក់យ៉ាងឆាប់រហ័ស ហើយរូបគេបានជួយក្រុមបារាំងឈ្នះពានរង្វាន់ ក្នុងកម្មវិធី Nations League កាលពីខែខែតុលា ឆ្នាំ២០២១។
ចាប់តាំងពីត្រឡប់មកក្រុមជម្រើសជាតិវិញ ខ្សែប្រយុទ្ធរបស់ក្រុមអធិរាជាស Real Madrid រូបនេះ ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៦លើក ប៉ុន្តែត្រូវបង្ខំចិត្តអង្គុយនៅក្រៅព្រឹត្តិការណ៍ World Cup ដែលបានបញ្ចប់ទៅដោយក្រុមបារាំងរបស់ខ្លួនរងបរាជ័យ ៤-២ ក្នុងវគ្គប៉េណាល់ទីកាត់ក្ដី ក្រោមដៃរបស់ក្រុមអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ៕