ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សា ដ៏មានវ័យចំណាស់ និងមានកិត្តិនាមជាងគេបំផុតនៅកម្ពុជាបានផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ខ្លួនហើយ។ថ្នាក់ដឹកនាំថ្មីនេះគឺជាព្រះសង្ឃ ដែលមានកម្រិតវប្បធម៌ខ្ពស់បំផុតនៅកម្ពុជា គឺព្រះអង្គ ទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ ពីសកលវិទ្យាល័យ Harvard នៃសហរដ្ឋអាម៉េរិក។
ភារកិច្ចក្នុងការដឹកនាំ និង គ្រប់គ្រង នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានផ្ទេរប្រគេនទៅភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ ហើយព្រះមហាសមណៈ អង្គនេះ គឺជាព្រះសកលវិទ្យាធិការរង នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នេះ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។
ក្នុងឱកាសផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជនេះ ឯកឧត្តមបណ្ឌិត សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ឱ្យបន្តប្រពៃណីដ៏ល្អផូរផង់ របស់ពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និង មានកិត្តិនាមជាងគេនៅកម្ពុជា នេះ តទៅទៀត គឺសាមគ្គីគ្នាឱ្យបានល្អ ដើម្បី បន្តជំរុញឱ្យសកលវិទ្យាល័យមួយនេះ កាន់តែមានកិត្តិនាមថែមទៀត ។
គួរជម្រាបជូនថា កន្លងមកភារកិច្ចជាអ្នកដឹកនាំ និង គ្រប់គ្រង នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នេះ គឺសម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ។ ប៉ុន្តែមួយរយៈមកនេះ សម្តេចបណ្ឌិត ឃី សុវណ្ណរតនា មានបញ្ហាព្រះសុខភាព ហើយក្រៅពីនោះទៅ សម្តេចក៏មានភារកិច្ចផ្សេងទៀត ដែលត្រូវរ៉ាប់រងផងដែរ ។
ចំពោះកម្រិតអប់រំរបស់ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ដែលនឹងត្រូវដឹកនាំ និងគ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជតទៅនេះគឺព្រះអង្គមានសញ្ញាបត្របណ្ឌិតមកពីគ្រឹះស្ថានឧត្តមសិក្សាល្បីៗមួយចំនួន ជាពិសេសសកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិក ហើយកាលពីដើមឆ្នាំ២០២២ នេះ ព្រះមហាសមណៈ យ៉ន សេងយៀតទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ ពីសកលវិទ្យាល័យ Harvard នៃ សហរដ្ឋអាម៉េរិក ដែលសក្ខីបត្របណ្ឌិតរដ្ឋ នោះ គឺជាកម្រិតអប់រំខ្ពស់បំផុតនៅលើពិភពលោក ពោលគឺខ្ពស់ជាងថ្នាក់បណ្ឌិត និង Ph.D ទៅទៀត ហើយសម្រាប់នៅប្រទេសកម្ពុជា គិតរហូតមកដល់ពេលនេះ ប្រហែលជាមានតែព្រះភិក្ខុ យ៉ន សេងយៀត នេះ មួយអង្គគត់ដែលបានសិក្សាដល់កម្រិតសក្ខីបត្របណ្ឌិតរដ្ឋនោះ ៕ដោយៈផាវី