ក្រុមមេឃខៀវ Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ ក្នុងកម្មវិធី FA Cup ជុំទី៣ ខណៈដែលក្រុមហង្សក្រហម Liverpool និងក្រុមបិសាចក្រហម Manchester United ក៏ត្រូវប៉ះក្រុមគូប្រកួតនៅក្របខ័ណ្ឌ Premier League ជាមួយគ្នាដែរ សម្រាប់ការចាប់ឆ្នោត កាលពីថ្ងៃចន្ទ។
ក្រុម Liverpool ត្រូវចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯករបស់ខ្លួន ក្នុងកម្មវិធីនេះ ដោយការបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ស្វាគមន៍ក្រុម Wolves ខណៈដែលក្រុម Man United ក៏ដូចគ្នា ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton។
ក្រុម Man City បានទម្លាក់ក្រុមរបស់លោក Graham Potter ចេញពីកម្មវិធី ១ទៀត គឺ League Cup ម្ដងរួចហើយ ជាមួយនឹងជ័យជម្នះ ២-០ នៅកីឡដ្ឋាន Etihad កាលពីដើមខែនេះ ហើយក្រុមទាំង២ នឹងជួបគ្នាម្តងទៀត នៅចុងសប្តាហ៍នៃថ្ងៃទី ៦-៩ ខែមករា នៅពេលដែលការប្រកួតរបស់ក្លិបអាជីពចាប់ផ្តើមឡើងវិញ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ World Cup។
ក្រុមកាំភ្លើងធំ Arsenal ដែលជាក្រុមនាំមុខគេក្នុងក្របខ័ណ្ឌ Premier League ត្រូវធ្វើដំណើរទៅកាន់ផ្ទះរបស់ក្រុម Oxford United របស់ក្របខ័ណ្ឌ League One ខណៈដែលក្រុមសារិកាព្រៃ Newcastle នឹងចាប់ផ្តើមដំណើរស្វែងរកពានរង្វាន់ FA Cup ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៥៥ ដោយការធ្វើជាភ្ញៀវរបស់ក្រុម Sheffield Wednesday។
ក្រុមញញួរធំ West Ham ត្រូវធ្វើដំណើររយៈពេលខ្លី ដើម្បីទៅជួបក្រុមម្ចាស់ផ្ទះ Brentford ហើយក្រុមអ្នកចិត្តបុណ្យ Southampton ក៏ត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Crystal Palace ដែរ សម្រាប់ការជួបគ្នា រវាងក្រុម នៅ Premier League ជាមួយគ្នាផ្សេងទៀត៕