ភ្នំពេញៈក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថាបច្ចុប្បន្ននេះ ទោះបីជាវិបត្តិនៃជំងឺកូវីដ១៩បានថមថយក្ដីក៏បញ្ហាអស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល បន្តបន្ទច់បង្អាក់ដល់ការស្ដារ និងជំរុញវិស័យទេសចរណ៍ឡើងវិញ ដោយសារតែកំណើនភ្ញៀវទេសចរអន្តរជាតិនៅតែមានកម្រិតទាបនៅឡើយ។
លោកបន្តថា“រាជរដ្ឋាភិបាលនៅតែចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងទៅមុខ និងបន្តប្ដេជ្ញាខិតខំប្រឹងប្រែងផ្ដល់ការគាំទ្រនានា ដើម្បីស្ដារវិស័យនេះឡើងវិញឱ្យបានឆាប់រហ័ស”។
លោកបន្តថា ជាក់ស្ដែង ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍ជាបន្តបន្ទាប់ មានជាអាទិ៍ វិធានការសារពើពន្ធ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងខេត្តដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ដូចជាការស្ថាបនាបណ្ដាញផ្លូវនៅខេត្តព្រះសីហនុ និងសៀមរាប ព្រមទាំងការអនុម័តនូវឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជាវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគីរី ២០២១-២០៣៥ជាដើម ។
លោកបន្ថែមថា“បទពិសោធន៍ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ការលើកកម្ពស់ចីរភាពនិងការពង្រឹងចលនាទេសចរណ៍ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹង ភាពធន់នៃវិស័យទេសចរណ៍”៕ដោយៈសិរីមតី