អន្តរជាតិ

ខ្យល់ព្យុះត្រូពិច Nicole វាយប្រហារឆ្នេរខាងកើតរដ្ឋផ្លរីដាអាម៉េរិក

ខ្យល់ព្យុះសង្ឃរា Nicole បានវាយប្រហារបោកបក់ឆ្នេរសមុទ្រភាគខាងកើតរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក នៅចុងសប្តាហ៍នេះ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ បាក់ដី រលំអគារ និងដាច់ចរន្តអគ្គិសនី ជាច្រើនកន្លែង។

ការិយាល័យតម្រួតប្រចាំនៅ Orange County បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មនុស្សពីរនាក់ត្រូវបានឆក់ស្លាប់ក្នុងអំឡុងពេលព្យុះដោយសារខ្សែភ្លើងបានដាច់ធ្លាក់។ ខ្យល់ព្យុះសង្ឃរា Nicole កាលពីថ្ងៃព្រហស្បតិ៍នៅតាមបណ្តោយច្រាំងភាគខាងកើតនៃរដ្ឋផ្លរីដា បានកាត់ផ្តាច់ចរន្តអគ្គិសនី ដល់មនុស្សរាប់ពាន់នាក់ បាក់ដួលរលំអគារ និងជន់លិចតំបន់នៅតាមឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋ។ ក្រុមមន្រ្តីនិយាយថា អគារជាប់មាត់សមុទ្រចំនួន ៤៩ រួមទាំងសណ្ឋាគារ និងខុនដូចំនួន ២៤ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងតំបន់ Volusia County។ វាជាខ្យល់ព្យុះទីមួយហើយដែល បានវាយប្រហារសហរដ្ឋអាម៉េរិកក្នុងខែវិច្ឆិកានេះ មិនធ្លាប់មានក្នុងរយៈពេលជិត ៤០ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ក្រោមការអន្តរាគមន៍របស់អាជ្ញាធរតំបន់ និងដោយសារតែព្យុះ បានថយចុះសម្ពាធមកជាព្យុះត្រូពិច ស្ថានការណ៍ត្រូវបានគ្រប់គ្រងបានមួយចំណែក។ ប្រជាជនត្រូវបានជូនដំណឹងឲ្យរកជម្រកទីទួលសុវត្ថិភាព រហូតដល់ព្យុះរលត់បានទាំងស្រុង៕

ប្រភព៖  CNN

ប្រភពរូប៖ CNN
ប្រែសម្រួល៖សុខ តុលា