លោក Erik ten Hag បានចាត់ទុកការបរាជ័យ ៣-១ របស់ក្រុមបិសាចក្រហម Manchester United កាលពីថ្ងៃអាទិត្យ ក្រោមស្នាដៃរបស់ក្រុមម្ចាស់ផ្ទះ Aston Villa ថា ជារឿង«មិនអាចទទួលយកបាន» ខណៈដែលលោក Unai Emery រីករាយនឹងការចាប់ផ្តើមនៃសុបិន ក្នុងជីវិត ក្នុងឋានៈជាគ្រូបង្វឹករបស់ក្រុមតោ Villa។
ក្រុមបិសាចក្រហម មិនចាញ់សោះ ក្នុងការប្រកួតចំនួន ៩ដង មុនពេលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Birmingham ខណៈដែលគម្រោងរបស់លោក Ten Hag នៅទឹកដី Old Trafford កំពុងចាប់ផ្តើមដំណើរការទៅមុខបណ្ដើរៗ។
ប៉ុន្តែក្រុមភ្ញៀវត្រូវបានធ្វើឱ្យបែកខ្ញែក ដោយសារការចាប់ផ្ដើម ក្នុងទម្រង់ដ៏ត្រចះត្រចង់របស់ក្រុមម្ចាស់ផ្ទះ ខណៈដែលគ្រាប់បាល់នាំមុខ ២-០ ដែលស់ស៊ុតបញ្ចូលទីដោយកីឡាករ Leon Bailey និង Lucas Digne បានកើតមានឡើងក្នុងរយៈពេលត្រឹម ១១នាទីប៉ុណ្ណោះ។
គ្រាប់បាល់ ដែលបានពីការស៊ុតរបស់ខ្សែការពារ Luke Shaw ហើយប៉ះកីឡាករ Jacob Ramsey ប្លាតចូលទី មុនចប់វគ្គទី១ បានជួយផ្តល់ដង្ហើមដកខ្លះដល់ក្រុម Man Utd ប៉ុន្តែកីឡាករ Ramsey ស្តារការនាំមុខ ២គ្រាប់របស់ Villa បានវិញ នៅប្រមាណជា ៤នាទីនៃដើមវគ្គទី២ ហើយលទ្ធផលនោះ ក៏បានបន្តរហូតដល់ចប់ការប្រកួតតែម្ដង។
នៅក្រោយការប្រកួត លោក Ten Hag បាននិយាយដល់ការចាប់ផ្តើមនៃក្រុមរបស់គាត់ថា៖ «អ្នកត្រូវតែមើលហ្គេមឱ្យដឹង ហើយរៀបចំឱ្យបានត្រឹមត្រូវ។ វាមិនអាចទទួលយកបាននោះទេ ដែលយើងបណ្ដោយឱ្យរបូតគ្រាប់បាល់លឿនបែបនេះ នៅវគ្គទី២ ដោយសារការវាយបក។ កីឡាកររបស់យើងមានបទពិសោធគ្រប់គ្រាប់។ យើងត្រូវតែឈ្នះការប្រជែងយកបាល់ឱ្យបាន»។
ក្រុម Man Utd មិនមានវត្តមានរបស់កីឡាករ Raphael Varane, Jadon Sancho និង Antony ដែលរងរបួស ក៏ដូចជាខ្សែបម្រើ Bruno Fernandes ដែលជាប់ពិន័យ ខណៈដែលបរាជ័យនេះ បាននាំឱ្យពួកគេមានគម្លាតពីក្រុមនៅទីកំពូលទាំង (Top 4) ចំនួន ៣ពិន្ទុ ដោយឈរក្នុងចំណាត់ថ្នាក់លេខ ៥។
ដោយឡែកសម្រាប់លោក Emery វិញ គ្រូបង្វឹកថ្មីរូបនេះ ប្រហែលមិនអាចប្រាថ្នាអ្វីផ្សេងឱ្យលើសពីការធ្វើឱ្យមានចំណាប់អារម្មណ៍ប្រសើរជាងនេះ ដើម្បីទទួលបានការគាំទ្រពីអ្នកហែហមក្រុម Villa ជាមួយនឹងជ័យជម្នះ ក្នុងលីគ នៅផ្ទះខ្លួនឯងជាលើកដំបូងលើក្រុមបិសាចក្រហម ចាប់តាំងពីឆ្នាំ១៩៩៥ នោះឡើយ។
ជ័យជម្នះបានរំកិលក្រុម Villa ឱ្យឡើងទៅឈរនៅលេខ ១៣ និងមានគម្លាត ៣ពិន្ទុដាច់ពីកក្រុម ដែលនៅក្នុងតំបន់ត្រូវកាត់ចោល៕