ប្រែសម្រួល៖ ស-សម្បត្តិ

សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងក្នុងការបង្កើតមូលនិធិការពារជាតិរួម ១៥០ ពាន់លានអឺរ៉ូ (១៧០ ពាន់លានដុល្លារ) ដែលមានឈ្មោះថា SAFE ដូចដែលក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃទី២១ ខែឧសភា។
“យើងវិនិយោគកាន់តែច្រើនក្នុងការបំពាក់កងទ័ពរបស់យើង យើងនឹងអាចទប់ស្កាត់អ្នកដែលចង់បង្កគ្រោះថ្នាក់ដល់យើងបានកាន់តែប្រសើរ” ក្រុមប្រឹក្សាបាននិយាយនៅលើបណ្តាញសង្គម X។
“SAFE គឺជាកម្មវិធីធំមួយដំបូងរបស់សហភាពអឺរ៉ុបក្នុងការបង្កើនការវិនិយោគលើសមត្ថភាពការពារជាតិអឺរ៉ុប ដែលកំពុងក្លាយជាការពិត។”
ការបោះជំហាននេះកើតឡើងនៅពេលដែលអឺរ៉ុបកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដែលមានបញ្ហាប្រឈមកាន់តែខ្លាំង ជាមួយនឹងរុស្ស៊ីបន្តធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន និងការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះដៃគូអឺរ៉ុបមានភាពមិនច្បាស់លាស់កាន់តែខ្លាំង។
យន្តការ SAFE ថ្មីនេះ ដែលត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុបក្នុងខែមីនា នឹងអនុញ្ញាតឱ្យរដ្ឋសមាជិកខ្ចីប្រាក់ពីសហភាពអឺរ៉ុបដើម្បីទិញអាវុធ និងឧបករណ៍យោធា។
សមាជិកសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងបឋមលើគំនិតផ្តួចផ្តើមនេះនៅថ្ងៃទី១៩ ខែឧសភា ដូចដែលមន្រ្តីសហភាពអឺរ៉ុបម្នាក់បានប្រាប់ Kyiv Independent នៅពេលនោះ។ កម្មវិធីនេះនឹងត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃទី២៧ ខែឧសភា។
“SAFE គឺជាប្រាក់កម្ចីមានអត្រាការប្រាក់ទាប ពហុឆ្នាំ ដែលមានអត្ថប្រយោជន៍ និងមានការធានាដោយថវិកាសហភាពអឺរ៉ុប” ក្រុមប្រឹក្សាបាននិយាយ។
“កម្មវិធីនេះក៏ទាក់ទងនឹងនីតិវិធីសាមញ្ញ និងលឿនចំពោះការទិញលក់រួមគ្នាផ្នែកការពារជាតិផងដែរ។”
ប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុបមួយចំនួននឹងអាចចូលរួមក្នុងកម្មវិធីនេះបាន ប្រសិនបើការចំណាយរបស់ពួកគេមិនលើសពី ៣៥% នៃតម្លៃសរុប។ ទោះបីជាមានកិច្ចព្រមព្រៀងលើតម្រូវការបង្កើនការចំណាយការពារជាតិក៏ដោយ រដ្ឋសហភាពអឺរ៉ុបមួយចំនួនមានការមិនយល់ស្របពីមុនអំពីរបៀបដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះគួរតែត្រូវបានសម្របសម្រួលជាមួយប្រទេសនៅខាងក្រៅក្រុម ដូចជាចក្រភពអង់គ្លេស ឬតួកគី។
មូលនិធិ ១៥០ ពាន់លានអឺរ៉ូនេះត្រូវបានស្នើឡើងជាផ្នែកមួយនៃកម្មវិធី ReArm Europe ដ៏មហិច្ឆតារបស់គណៈកម្មការអឺរ៉ុប ដែលក៏នឹងអនុញ្ញាតឱ្យរដ្ឋសមាជិកចំណាយបន្ថែម ៦៥០ ពាន់លានអឺរ៉ូ (៧៣០ ពាន់លានដុល្លារ) លើការពារជាតិដោយបន្ធូរបន្ថយច្បាប់ហិរញ្ញវត្ថុ។
មូលនិធិមួយចំនួនដែលទទួលបានក្រោមកម្មវិធី ReArm Europe នឹងត្រូវបានបែងចែកសម្រាប់ការគាំទ្រយោធាដល់អ៊ុយក្រែន ដូចដែលរដ្ឋមន្រ្តីការពារជាតិសហភាពអឺរ៉ុប Andrius Kubilius បាននិយាយក្នុងបទសម្ភាសន៍ផ្សព្វផ្សាយក្នុងខែឧសភា៕
