ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ បន្ទាប់ពីបានប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តទំនើបម៉ាក Lexus ពាក់ផ្លាកលេខកម្ពុជា ST-1001 យកមកកប់ចោលក្បែរផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពលរដ្ឋបានរាយការជូនសមត្ថកិច្ច។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលយុត្តិធម៌និងកងកម្លាំងទ័ពព្រំដែន បានឲ្យដឹងថ្ងៃនៅទី២១ ខែឧសភាឆ្នាំ២០២៥ ថា៖ កាលពីវេលាម៉ោង១៣និង១០នាទី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណីប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាក Lexus ពាក់ផ្លាកលេខ កម្ពុជា ST-1001 និងរថយន្តមួយទៀតម៉ាកដូចគ្នា ពាក់ផ្លាកលេខភ្នំពេញ 2CA-6968 យកទៅកប់ចោលត្រង់ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ភ្លាមៗនោះ កម្លាំងកងយោធាកងការពារព្រំដែនលេខ៥០៣ -យោធភូមិភាគទី៥ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោចំនួន៥នាក់ បានចុះដល់ទីតាំងកើតហេតុធ្វើការកាយដីយកសាកសព។
បើយោងភិនភាគសាកសពបុរសរងគ្រោះជាជនជាតិបរទេស ស្រដៀងជនជាតិចិន ។សមត្ថកិច្ចបានធ្វើកោសលវិច័យសាកសពឃើញសម្បុរស្បែកព៌ណស( ជនជាតិអាស៊ី មិនមែនអឺរ៉ុបឬអាមេរិក?) ជាបុរស តែមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះភ្លាមៗនៅឡើយទេ ។
តាមប្រភពពីកន្លែងកើតហេតុ បានដាក់ការសង្ស័យថា : ជាករណីឃាតកម្មនិងជាជនជាតិចិនដីគោក ដ្បិតអីរថយន្តដែលគេថតបានជារថយន្តទំនើបដែលបើកបរចេញ-ចូលដ៏មមាញឹករាល់ថ្ងៃពីក្រុងប៉ោយប៉ែតមកឃុំអូរបីជាន់ជាន់ស្រុកអូរជ្រៅ នៅឃុំអូរបីជាន់ភាគច្រើនជនជាតិចិនបានជួលជិះ ។គឺចេញចូលក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចបែបសេវាកម្មមួយកន្លែងនៅភូមិប្រាសាទឃុំអូរបីជាន់ ទីនោះមានជនបរទេសអាស៊ីស្បែកសរាប់រយពាន់នាក់ និងជាទីតាំងសេវាកម្មអនឡាញដ៏ធំផង ហើយតែងលេចឮពីមានករណីចាប់បង្ខាំង និងឃាតកម្មកើតឡើងលើជនបរទេសគ្នាឯង។
ក្រោយប្រទះឃើញសាកសពខាងលើ សមត្ថកិច្ចបានបន្តនីតិវិធីឈានដល់ការរកឃើញរថយន្តសង្ស័យទាំង២គ្រឿង នៅក្នុងតំបន់អភិវឌ្ឍន៍ដែលគេហៅភូមិចិន(នៃទីតាំងនិងការដ្ឋានសំណង់របស់ជនជាតិចិនដីគោក១កន្លែងមានឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃកម្ពុជាឯក (Smart New Town(Cambodia) Real Estates Development Co.,Ltd ) មានទីតាំងនៅស្ថិតនៅផ្លូវខេត្តលេខ៥៨D ភូមិប្រាសាទឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសង្ស័យពាក់ព័ន្ធចំនួន៣នាក់ក្នុងនោះមានជនជាតិចិនម្នាក់និងជនជាតិមីយ៉ាន់ម៉ា២នាក់ រួចបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
ជុំវិញករណីនេះ អ្នកយកព័ត៌មាន Cambodia Flash News (CFN) មិនទាន់ទទួលបានការផ្តល់ព៌ត័មាននិងបំភ្លឺជាផ្លូវការដូចសព្វមួយដងពីសមត្ថកិច្ចនគរបាលយុត្តិធម៌និងកងកម្លាំងពាក់ពន្ធនៅឡើយមកទល់ព្រលប់ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ ។
គួររំលឹកថា កន្លងមកនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត ឧស្សាហ៍កើតមានអំពើឈ្លោះប្រកែក ហិង្សា ឃាតកម្ម ការចាប់ជំរិត ការបង្ខាំងមុនស្ស… ការឆបោកតាមអនឡាញ…ដែលបង្កឡើងដោយជនជាតិចិនដីគោក ហើយច្រើនធ្វើលើជនជាតិចិនដីគោកដែរ។
ករណីទាំងនោះបង្កការឈឺក្បាល ស្មុគស្មាញដល់មន្ត្រីសមត្ថកិច្ច កងកម្លាំង មន្ត្រីអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋកម្ពុជា ក៏ដូចភ្ញៀវទេសចរបរទេស៕
