សន្ដិសុខសង្គម

ពេទ្យខេត្តបន្ទាយមានជ័យសហការសមត្ថកិច្ចការិយាល័យស្រាវជ្រាវនិងគយចល័តតំបន់៥ បង្ក្រាបគ្រឿងក្នុងនិងបំណែកសាច់សត្វបង្កកខូចគុណភាពខុសច្បាប់ជាង១តោន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ(ពេទ្យសត្វ) សហការសមត្ថកិច្ចការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥(គយចល័តក្រសួង) មានមូលដ្ឋាននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបង្ក្រាបគ្រឿងក្នុងនិងបំណែកសាច់សត្វបង្កកខូចគុណភាពខុសច្បាប់និងដុតកម្ទេចចោលផលិតផលមានដើមកំណើតពីជ្រូក ទម្ងន់ជាង១តោន ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តតាក់ស៊ី២ គ្រឿងដឹកសាច់ជ្រូកបង្កកខូចគុណភាពខុសច្បាប់រួមមានគ្រឿងក្នុង និងបំណែកសាច់បង្កកខូចគុណភាពខុសច្បាប់ចំនួន ២៣កេស ស្មើនឹង ១.១៥០គីឡូក្រាម ហើយនាំទៅដុតនិងកប់បំផ្លាញចោលតាមវិធានបសុពេទ្យ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចដីឡូត៍ ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៥ថា : ផលិតផលសាច់ជ្រូកបង្កកដែលបង្រ្កាបបានខាងលើ គឺក្រោមការសហការយ៉ាងល្អ រវាងគយចល័តក្រសួង បន្ទាប់ពីទទួលបានព័ត៌មានពីការលួចនាំចូលដោយខុសច្បាប់នូវជ្រូកពីក្រៅប្រទេស តាមរថយន្តតាក់ស៊ីពីរគ្រឿង មានម៉ាកតូយ៉ូតាស៊ីណា និងលុចស៊ីស៣០០ ក្នុង គោលដៅនាំពីក្រុងប៉ោយប៉ែតទៅភ្នំពេញ៕