ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា វត្តអារាមតាមដងទន្លេគង្គ ជាគោលដៅទេសចរណ៍លំដាប់មហាសេដ្ឋី ដែលធ្វើដំណើរកម្សាន្តតាមនាវា តាមសមុទ្រកាត់ប្រទេសវៀតណាម ឆ្ពោះមកទន្លេមេគង្គខេត្តកំពង់ចាម។ កត្តានេះទាមទារឱ្យអាជ្ញាធរក្រុងចាំបាច់គិតគូររៀបចំឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តមានកើនឡើង។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារវត្តសុទស្សនារាមជ្រោយថ្ម(វត្តជ្រោយថ្ម) ដែលតម្លៃជិតមួយលាន ដុល្លារអាមេរិក ក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ២២ ឧសភានេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ វត្តជ្រោយថ្មជាវត្តមានលក្ខណៈ ដែលមានលក្ខណៈទាក់ទាញ ជាការលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងក្រុងកំពង់ចាម របស់យើង គឺភ្ញៀវទេសចរនឹងអាចមកទស្សនា នៅក្រោយជួបជុំគោរពពិធីបុណ្យទាន ហើយថតរូបភាពដោយសារទីតាំង វត្តមានលក្ខណៈអំណោយផល ទៅលើភូមិសាស្រ្ត។ ជាពិសេសរដ្ឋបាលខេត្តនឹងរៀបចំការបង្កើតនូវទេសចរណ៍បែបនាវាចរ ដែលភ្ញៀវទេសចរភាគច្រើន ជាភ្ញៀវទេសចរ ធ្វើដំណើរពីក្រៅប្រទេសឆ្លងកាត់សមុទ្រ ចូលពីប្រទេសវៀតណាម ចូលតាមទន្លេមេគង្គ មកដល់តាំងទីកន្លែងក្នុង ក្រុងកំពង់ចាម។
ឯកឧត្តមបានបន្ថែមថា៖ បន្ទាប់មកពួកគាត់(ភ្ញៀវទេសចរ) បានធ្វើការបែងចែកទៅតាមគោលដៅទេសចរណ៍នានា ក្នុងក្រុង ក៏ដូចជាក្នុងខេត្តកំពង់ចាម។ ជាក់ស្តែងយើងឃើញថា នៅខេត្តកំពង់ចាម ភ្ញៀវទេសចរបែបគ្រួសារ ចូលលេងនៅទឹកដីឃុំអង្គរបាន ដោយនៅទីនោះមានសហគមន៍តម្បាញជាក្រមា ហើយមានវត្តអារាមជិតនោះ ភ្ញៀវទេសចរបានចូលទៅលេង ហើយថតរូប និងមួយផ្នែកទៀតបានបន្តចេញពីក្រុងកំពង់ចាមទៅលេងនៅវត្តភ្នំហាន់ជ័យ។ ជាពិសេសភ្ញៀវទេសចរទាំងនោះ ជាភ្ញៀវទេសចរដែលមានសក្តានុពល ប្រភេទហាយក្លាស ជាភ្ញៀវទេសចរលំដាប់មហាសេដ្ឋី មកលេងជាលក្ខណៈគ្រួសារ តែមានលុយច្រើន ហើយចូលនិវត្តន៍ លែងធ្វើការងារ អ៊ីចឹងគាត់ត្រូវការចំណាយពេលវេលា នៃជីវិតចុងក្រោយ ដើរដកបទពិសោធមើលពិភពលោក ហើយបានចូលមកកម្ពុជា ដើម្បីចង់មើលពីប្រពៃណី ទំនៀមទម្លាប់ពីសាសនា របស់កម្ពុជាយើង ដោយធ្វើដំណើរគ្រប់ទីកន្លែង ដោយចំណាយលុយច្រើនក្នុងដំណើរទេសចរណ៍។
ឯកឧត្តមបានបន្តថា៖ កត្តានេះហើយបានជាយើងគិតគូររៀបចំក្រុងកំពង់ចាមឱ្យបានស្អាត ហើយក្រៅពីវត្តទស្សនារាមជ្រោយថ្មនេះ ក៏មានវត្តចំនួនបីផ្សេងទៀត នៅក្នុងក្រុងនេះ ក៏ជាវត្ត មានភាពទាក់ទាញខ្លាំងណាស់ ដូចជា វត្តដីដុះ វត្តថ្មី និងវត្តបឹងកុក។ ក្នុងនោះវត្តទាំងបី ក៏ជាកន្លែងធ្វើការបណ្តុះបណ្តាល មានពុទ្ធកសិក្សា ឱ្យកូនចៅប្រជាពលរដ្ឋអាចបួសរៀនបាន។ នេះក៏ជាការទាក់ទាញឱ្យភ្ញៀវទេសចរដើរមើលពីមួយកន្លែង ទៅមួយកន្លែង។ ជាមួយនេះអាជ្ញាធរក៏បានជំរុញឱ្យរៀបចំក្រុងឱ្យបានស្អាត ដើម្បីឱ្យការរស់នៅមានភាពសុខកដំរម្យនា ដែលជាការលើកកម្ពស់ជីវិត និងការរស់នៅមានសុខសុភមង្គល។
ជាមួយនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានសុំការ យោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពរដ្ឋទាំងអស់ចំពោះការធ្វើដំណើរ រស់នៅ ដោយមួយរយៈនេះនៅក្នុងក្រុងកំពង់ចាម មានការជីកផ្លូវដាក់ប្រព័ន្ធលូ រំដោះទឹកកខ្វក់ បង្កើតលូរំដោះទឹកភ្លៀង។ ដូច្នេះចន្លោះនៃការស្ថាបនានេះបានប៉ះពាល់អារម្មណ៍ ហើយសូមធានាថា នៅចុងឆ្នាំ២០២៥ នេះ នឹងធ្វើឱ្យស្អាតជូនបងប្អូនប្រជាពលរដ្ឋវិញ៕
