អន្តរជាតិ

រោងចក្រផលិតឧបករណ៍អេឡិចត្រូនិចចម្រុះដ៏ធំរបស់រុស្ស៊ីសម្រាប់ធ្វើគ្រាប់មីស៊ីល និងគ្រឿងបន្លាស់យន្តហោះ ត្រូវបានវាយប្រហារកម្ទេចដោយអ៊ុយក្រែន

ប្រែសម្រួល៖ សហការី

ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រឧបករណ៍ពាក់កណ្តាលនាំឆ្លងចរន្ត Bolkhov របស់រុស្ស៊ីនៅក្នុងតំបន់ Oryol Oblast ដែលកំពុងផលិតគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង Sukhoi និងមីស៊ីល Iskander និង Kinzhal នេះបើតាមសេចក្តីថ្លែងការណ៍របស់សេនាធិការរួមនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃទី២១ ខែឧសភា។

សេចក្តីថ្លែងការណ៍នេះចេញបន្ទាប់ពីរុស្ស៊ីបានអះអាងថាបានទម្លាក់ដ្រូនអ៊ុយក្រែនជាង១៥០គ្រឿងនៅក្នុងពេលយប់កន្លងមកនៅតំបន់ជាច្រើន រួមទាំង៥៣គ្រឿងនៅក្នុងតំបន់ Oryol Oblast។

អភិបាលតំបន់ លោក Andrey Klychkov បានរាយការណ៍ដំបូងថាគ្មានការខូចខាតឬរងរបួសទេ ប៉ុន្តែក្រោយមកបានថាមានការខូចខាតរោងចក្រឧបករណ៍ពាក់កណ្តាលនាំឆ្លងចរន្ត និងអគារលំនៅដ្ឋានមួយចំនួន។

ឆានែល Telegram របស់អ៊ុយក្រែន Supernova+ បានចែករំលែកវីដេអូដែលអះអាងថាជាឈុតឆាកនៃអគារដែលឆេះនិងខូចខាត។

ដ្រូនចំនួន១០គ្រឿងបានវាយលុកលើបរិវេណរោងចក្រ បណ្តាលឱ្យមានអគ្គិភ័យ យោងតាមរបាយការណ៍របស់សេនាធិការរួម។ ផលវិបាកទាំងស្រុងនៃការវាយប្រហារកំពុងត្រូវបានកំណត់។

រោងចក្រនេះត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំមុន ដោយសារតួនាទីរបស់វាក្នុងឧស្សាហកម្មយោធារបស់រុស្ស៊ី។

រោងចក្រ Bolkhov គឺជាអ្នកផលិតឧបករណ៍និងសមាសធាតុពាក់កណ្តាលនាំឆ្លងចរន្តឈានមុខគេរបស់រុស្ស៊ី ដោយផ្តោតលើឌីអូដ មីក្រូស៊ើគ្វី កុងតាក់អុបទិកអេឡិចត្រូនិច និងផលិតផលច្រើនទៀត នេះបើតាមសេនាធិការរួមបានឱ្យដឹង។

រោងចក្រនេះផ្គត់ផ្គង់ឱ្យរោងចក្ររុស្ស៊ីយ៉ាងហោចណាស់១៩កន្លែងដែលពាក់ព័ន្ធនឹងការផលិតយន្តហោះ Sukhoi ឬមីស៊ីលបាលីស្ទិក Iskander និង Kinzhal។ ទោះបីជាមានទណ្ឌកម្មក៏ដោយ វាផលិតឧបករណ៍ស្ទើរតែ៣លានឯកតាក្នុងមួយឆ្នាំ យោងតាមយោធាយូក្រែន។

មានរបាយការណ៍អំពីការផ្ទុះក៏ត្រូវបានរាយការណ៍នៅក្នុងតំបន់ Tula និង Ryazan Oblast ខណៈដែលមន្ត្រីអ៊ុយក្រែន លោក Andrii Kovalenko បានអះអាងថាអគារឧស្សាហកម្មយោធារបស់រុស្ស៊ីត្រូវបានវាយប្រហារដោយ “ដ្រូនដែលមិនស្គាល់អត្តសញ្ញាណ” នៅក្នុងតំបន់ Oryol Oblast។

ការរឹតបន្តឹងហោះហើរជាបណ្តោះអាសន្នត្រូវបានដាក់ឱ្យអនុវត្តនៅអាកាសយានដ្ឋាន Yaroslavl, Kostroma និង Kaluga។

អ៊ុយក្រែនធ្វើការវាយប្រហារដោយដ្រូនជាទៀងទាត់ប្រឆាំងនឹងមូលដ្ឋានយោធានិងឧស្សាហកម្មរបស់រុស្ស៊ីនៅខាងក្រោយ ដើម្បីបំផ្លាញសមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំរបស់ខ្លួន៕