ប្រែសម្រួល៖ស-សម្បត្តិ

អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានឈ្នះការបោះឆ្នោតដោយជោគជ័យយ៉ាងធំធេងក្នុងតំណែងជាអភិបាលក្រុងដាវ៉ាវ ដែលជាស្រុកកំណើតរបស់លោក ទោះបីលោកកំពុងជាប់ឃុំរាប់ពាន់គីឡូម៉ែត្រឆ្ងាយនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅក្រុងឡាអេក៏ដោយ។
មេដឹកនាំនយោបាយវ័យ ៨០ ឆ្នាំរូបនេះកំពុងប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏សាហាវរបស់លោក ដែលត្រូវបានចោទថាបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី។
ស្ថានភាពចម្លែកនេះបង្កើតភាពស្មុគស្មាញផ្លូវច្បាប់យ៉ាងច្រើន ខណៈពេលដែលអ្នកជំនាញកំពុងពិភាក្សាថាតើលោក ឌូតឺតេ អាចចូលកាន់តំណែងបានឬទេខណៈនៅជាប់ឃុំនៅបរទេស។ ច្បាប់ហ្វីលីពីនតម្រូវឱ្យមន្ត្រីជាប់ឆ្នោតត្រូវស្បថចូលកាន់តំណែងក្នុងរយៈពេល ៣០ ថ្ងៃនៃការចូលកាន់តំណែងនៅថ្ងៃទី ១ ខែកក្កដា។ ជម្រើសរួមមានការស្បថតាមអ្នកតំណាង ការស្បថដោយអវត្តមាន ឬតាមការហៅវីដេអូ ប៉ុន្តែលុះត្រាតែតុលាការ ICC អនុញ្ញាត។
ប្រសិនបើលោក ឌូតឺតេ មិនអាចចូលកាន់តំណែងបាន តំណែងអភិបាលក្រុងអាចទៅដល់ដៃកូនប្រុសរបស់លោក គឺលោក សេបាស្ទៀន ឌូតឺតេ (ដែលត្រូវបានជាប់ឆ្នោតជាអភិបាលរងក្រុង) ឬទៅដល់ដៃបេក្ខជនទីពីរគឺលោក កាឡូ ណូហ្គ្រាឡេស ដែលជាសមាជិកនៃក្រុមគ្រួសារនយោបាយប្រជែង។
ក្រុមគ្រួសារលោក ឌូតឺតេ បានទទួលជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៥ ដោយសមាជិកគ្រួសារទាំង ៥ នាក់ដែលបានឈរឈ្មោះឈ្នះដោយគម្លាតសំឡេងគួរឱ្យកត់សម្គាល់។ អ្នកវិភាគនយោបាយលោក រ៉ាម៉ុន បេឡេណូ បានលើកឡើងថា អ្នកបោះឆ្នោតមើលឃើញថានេះជា “ការបង្ហាញខ្លួនចុងក្រោយ” របស់លោក ឌូតឺតេ ហើយពួកគេបានបោះឆ្នោតជាការផ្តល់កិត្តិយសដល់មេដឹកនាំចាស់វស្សាដែលការចាប់ខ្លួនលោកបានបង្កើនតែការគាំទ្របន្ថែមទៀត។
ទោះបីលោក ឌូតឺតេ អាចធ្វើការស្បថចូលកាន់តំណែងបានក៏ដោយ ការបំពេញភារកិច្ចជាអភិបាលក្រុងពីក្នុងមន្ទីរឃុំឃាំងនឹងពិបាកខ្លាំងណាស់។ អភិបាលក្រុងគឺជាតំណាងមុខមាត់របស់ក្រុង ដោយត្រូវដោះស្រាយការងាររដ្ឋបាលដូចជាការចូលរួមប្រជុំ ចុះហត្ថលេខាលើឯកសារ និងអនុម័តប្រាក់បៀវត្ស ដែលជាមុខងារពិបាកនឹងប្រតិបត្តិបានពីរយៈចម្ងាយនៅពាក់កណ្តាលពិភពលោក។
ក្រុមច្បាប់របស់លោក ឌូតឺតេ បានអះអាងថាមិនមានមូលដ្ឋានសម្រាប់ករណីរបស់តុលាការ ICC ទេ ដោយសារប្រទេសហ្វីលីពីនបានដកខ្លួនចេញពីលក្ខន្តិកៈរ៉ូម។ ទោះជាយ៉ាងណា ក្រោមច្បាប់របស់តុលាការ ICC តុលាការនៅរក្សាយុត្តាធិការលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលដែលរដ្ឋជាសមាជិក ក្នុងករណីនេះគឺចន្លោះឆ្នាំ ២០១៦ និង ២០១៩។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏បានបង្ហាញពីទំនាក់ទំនងដែលកំពុងធ្លាក់ចុះរវាងប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកុស ជូញ្ញ័រ និងអនុប្រធានាធិបតី សារ៉ា ឌូតឺតេ-កាពីអូ (កូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ) ដែលបណ្តាលឱ្យមានភាពជាប់គាំងនយោបាយត្រីភាគី។ សាស្ត្រាចារ្យ ម៉ារីយ៉ា អេឡា អាទៀនហ្សា កត់សម្គាល់ថា សាធារណជនហ្វីលីពីនកំពុងអស់ចិត្តជាមួយនឹងការប្រទូសរ៉ាយគ្នាជាបន្តបន្ទាប់រវាងក្រុមគ្រួសារនយោបាយ ឌូតឺតេ និង ម៉ាកុស៕
ប្រភព៖ CNN
