ប្រែសម្រួល៖សហការី

ហៃដេរ៉ាបាដ៖ មនុស្សយ៉ាងតិច១៧នាក់បានស្លាប់នៅពេលដែលអគ្គិភ័យបានផ្ទុះឡើងដោយសារការឆក់ចរន្តអគ្គិសនីនៅក្នុងអគារមួយក្នុងទីក្រុងហៃដេរ៉ាបាដនៃប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ (ថ្ងៃទី១៨ ខែឧសភា) នេះតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់។
អគ្គិភ័យបានផ្ទុះឡើងនៅជាន់ផ្ទាល់ដី ហើយរាលដាលទៅកាន់ជាន់ខាងលើនៃអគារដែលស្ថិតនៅក្នុងក្រុងហៃដេរ៉ាបាដ និងមានរថយន្តពន្លត់អគ្គិភ័យប្រមាណជាង១២គ្រឿងបានចូលរួមក្នុងប្រតិបត្តិការនេះ ដូចដែលក្រសួងអគ្គិភ័យ ការឆ្លើយតបគ្រោះមហន្តរាយ គ្រាអាសន្ន និងការពារស៊ីវិលរដ្ឋតេឡេងហ្គាណាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ។
រដ្ឋមន្ត្រីក្រសួងរ៉ែនៃប្រទេសឥណ្ឌា លោក ហ្គី គីសាន រេឌ្ឌី ដែលបានទៅពិនិត្យនៅកន្លែងកើតហេតុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ការឆក់ចរន្តអគ្គិសនីអាចជាមូលហេតុនាំឱ្យមានអគ្គិភ័យនេះ។
ក្នុងចំណោមអ្នកស្លាប់ទាំង១៧នាក់ មានកុមារអាយុក្រោម៥ឆ្នាំចំនួន៦នាក់ផងដែរ៕
ប្រភព៖ រ៉យទ័រ/dc
