ប្រែសម្រួល៖ ស-សម្បត្តិ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន តាមទូរសព្ទនៅថ្ងៃចន្ទ ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
“ប្រធានបទនៃការសន្ទនានឹងផ្តោតលើការបញ្ឈប់ ‘ការខ្ចាយឈាម’ ដែលកំពុងសម្លាប់ជាមធ្យម ទាហានរុស្ស៊ីនិងអ៊ុយក្រែនជាង ៥០០០នាក់ក្នុងមួយសប្តាហ៍ ព្រមទាំងពាណិជ្ជកម្ម” លោកត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតំណាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីបានជួបសន្ទនាគ្នាផ្ទាល់នៅប្រទេសតួកគី កាលពីថ្ងៃសុក្រ។ នេះគឺជាលើកដំបូងដែលប្រទេសទាំងពីរបានជួបចរចាផ្ទាល់គ្នាក្នុងរយៈពេលបីឆ្នាំ។
លោកត្រាំធ្លាប់បាននិយាយថា លោកមិនគិតថានឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើការចរចាសន្តិភាពទេ រហូតដល់លោកនិងលោកពូទីននិយាយគ្នាដោយផ្ទាល់។
“ខ្ញុំមិនជឿថានឹងមានអ្វីកើតឡើងទេ មិនថាអ្នកចូលចិត្តឬអត់ រហូតដល់រូបគាត់(ពូទីន)និងខ្ញុំបានជួបគ្នា” លោកត្រាំបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងសប្តាហ៍នេះ។
លោកត្រាំបាននិយាយថា លោកគ្រោងនឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេឡេនស្គី និងសមាជិកផ្សេងៗនៃអង្គការណាតូ បន្ទាប់ពីលោកនិយាយជាមួយលោកពូទីនរួច។
“សង្ឃឹមថានឹងជាថ្ងៃមួយដ៏មានផលិតភាព ការឈប់បាញ់គ្នានឹងកើតឡើង ហើយសង្រ្គាមដ៏រុនាំងនេះ ដែលជាសង្រ្គាមមួយដែលមិនគួរកើតឡើងទាល់តែសោះ នឹងបញ្ចប់” លោកត្រាំបានសរសេរកាលពីថ្ងៃសៅរ៍។
អ្នកនាំពាក្យក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងលោកពូទីននិងលោកត្រាំ។
“ការសន្ទនាកំពុងត្រូវបានរៀបចំ” លោក ផេសកូវ បានប្រាប់ទៅភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
ប្រទេសអ៊ុយក្រែន សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើទីក្រុងម៉ូស្គូឱ្យទទួលយកការឈប់បាញ់គ្នារយៈពេល ៣០ថ្ងៃ រវាងរុស្ស៊ីនិងអ៊ុយក្រែន។ លោកពូទីនបានបដិសេធសំណើនោះ ហើយផ្ទុយទៅវិញបានអំពាវនាវឱ្យមានការចរចាដោយផ្ទាល់នៅប្រទេសតួកគី រវាងប្រទេសទាំងពីរ ដែលលោកត្រាំបានជំរុញយ៉ាងម៉ឹងម៉ាត់ឱ្យលោកសេឡេនស្គីទទួលយក។ ទោះជាយ៉ាងណា លោកសេឡេនស្គីបាននិយាយថា លោកនឹងទៅតែក្នុងករណីលោកពូទីនបង្ហាញខ្លួនតែប៉ុណ្ណោះ។ ជនជាតិរុស្ស៊ីបានបញ្ជូនគណៈប្រតិភូមួយដែលលោកសេឡេនស្គីចាត់ទុកថាមាន “កម្រិតទាប” ហើយលោកពូទីនមិនបានបង្ហាញខ្លួនសម្រាប់ការចរចាទេ។
ទីបំផុត ប្រទេសអ៊ុយក្រែនបានបញ្ជូនគណៈប្រតិភូមួយដែរ ដែលនាំឱ្យមានការជួបសន្ទនាលើកដំបូងរបស់ប្រទេសទាំងពីរតាំងពីឆ្នាំ ២០២២ មក ដែលបានឈានដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោសចំនួន ១,០០០នាក់។
លោកត្រាំបានប្រាប់អ្នកសារព័ត៌មានពេលកំពុងធ្វើដំណើរនៅមជ្ឈិមបូព៌ានាដើមសប្តាហ៍នេះថា លោកមិនរំពឹងថាលោកពូទីននឹងបង្ហាញខ្លួននៅការចរចានៅប្រទេសតួកគីទេ ប្រសិនបើលោកត្រាំមិនបាននៅទីនោះ។
“មើលទៅ គ្មានអ្វីនឹងកើតឡើងទេរហូតដល់ពូទីននិងខ្ញុំជួបគ្នា យល់ហើយនៃ? ហើយច្បាស់ណាស់ គាត់មិនបានទៅទេ។ គាត់នឹងទៅ ប៉ុន្តែគាត់គិតថាខ្ញុំនឹងទៅ។ គាត់នឹងមិនទៅទេ ប្រសិនបើខ្ញុំមិននៅទីនោះ” លោកត្រាំបាននិយាយនៅលើយន្តហោះ Air Force One។
រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ បាននិយាយកាលពីថ្ងៃសៅរ៍ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់ជម្លោះ នេះតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ធែមី ប្រ៊ូស។
“រដ្ឋមន្ត្រី រូប៊ីអូ បានស្វាគមន៍កិច្ចព្រមព្រៀងដោះដូរអ្នកទោសដែលសម្រេចបាននៅក្នុងការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីថ្ងៃទី១៦ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ហើយបានបញ្ជូនសារដ៏ខ្លាំងក្លារបស់ប្រធានាធិបតី ត្រាំ៖ សហរដ្ឋអាមេរិកប្តេជ្ញាសម្រេចឱ្យបាននូវការបញ្ចប់ដ៏យូរអង្វែងនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន” លោកស្រី ប្រ៊ូស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ។ “ផែនការសន្តិភាពគ្រប់ជ្រុងជ្រោយដែលស្នើឡើងដោយសហរដ្ឋអាមេរិក គូសបញ្ជាក់ពីមាគ៌ាល្អបំផុតខាងមុខ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអំពាវនាវរបស់ប្រធានាធិបតី ត្រាំ ឱ្យមានការឈប់បាញ់គ្នាភ្លាមៗនិងបញ្ចប់អំពើហិង្សា។
បន្ទាប់ពីការសន្ទនាជាមួយលោក ឡាវរ៉ូវ លោក រូប៊ីអូ បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា “សហរដ្ឋអាមេរិកបានបង្ហាញផែនការសន្តិភាពដ៏រឹងមាំមួយ ហើយយើងស្វាគមន៍កិច្ចព្រមព្រៀងដោះដូរអ្នកទោសសង្រ្គាមដែលសម្រេចបាននៅទីក្រុងអ៊ីស្តង់ប៊ុល។ កុំខកខានឱកាសដ៏ធំនេះ។ ពេលវេលានៃការបញ្ចប់សង្រ្គាមនេះគឺឥឡូវនេះ។”
ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃសុក្រ លោកត្រាំបាននិយាយថា លោក “នឿយណាយ” នឹងមនុស្សផ្សេងទៀតចរចាអំពីសង្រ្គាម ហើយសង្កត់ធ្ងន់ថា លោកនិងលោកពូទីនត្រូវតែជួបគ្នា។
“គាត់ស្ថិតនៅលើតុ ហើយគាត់ចង់បានកិច្ចប្រជុំនេះ។ ហើយខ្ញុំតែងតែមានអារម្មណ៍ថា មិនអាចមានកិច្ចប្រជុំដោយគ្មានខ្ញុំទេ ព្រោះខ្ញុំមិនគិតថាកិច្ចព្រមព្រៀងមួយនឹងអាចឆ្លងផុតទេ” លោកត្រាំបាននិយាយ។ “យើងត្រូវតែជួបគ្នា ហើយខ្ញុំគិតថាយើងទំនងជានឹងកំណត់ពេលវេលាវា ព្រោះខ្ញុំនឿយណាយនឹងការឱ្យមនុស្សផ្សេងទៅជួបប្រជុំនិងអ្វីៗផ្សេងទៀត។”
លោកត្រាំមិនសូវចង់ចាត់ទុកប្រធានាធិបតីរុស្ស៊ីថាជាឧបសគ្គដល់សន្តិភាពជាមួយអ៊ុយក្រែនទេ ប៉ុន្តែលោកក៏បានប្រាប់ Fox News ផងដែរថា លោកគិតថា “ពូទីននឿយណាយនឹងរឿងទាំងមូលនេះហើយ។”
“គាត់មើលទៅមិនល្អទេ ហើយគាត់ចង់មើលទៅល្អ” លោកត្រាំបាននិយាយ។ “កុំភ្លេចថា នេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងមួយសប្តាហ៍”៕
ប្រភព៖ CNN
