ប្រែសម្រួល៖ ស-សម្បត្តិ

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Johann Wadephul បានប្រកាសការតាមដានកាន់តែខ្លាំងនិងទណ្ឌកម្មបន្ថែមដែលគោលដៅលើ “កងនាវាស្រមោល” របស់រុស្ស៊ីបន្ទាប់ពីសង្ស័យថាមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកនៅសមុទ្របាល់ទិក នេះបើយោងតាមការរាយការណ៍របស់ Die Zeit នៅថ្ងៃទី១៧ ខែឧសភា។

“ការគំរាមកំហែងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ” Wadephul បាននិយាយ។ “ខ្សែកាប្លិ៍ដាច់ សញ្ញារំខាន និងនាវាគួរឱ្យសង្ស័យគឺជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរសម្រាប់យើង។”
ថ្មីៗនេះ មានករណីជាបន្តបន្ទាប់ទាក់ទងនឹងខ្សែកាប្លិ៍ដាច់និងសញ្ញារំខាននៅក្នុងតំបន់សមុទ្របាល់ទិក។ ខណៈដែលមន្ត្រីសេវាការសម្ងាត់អាមេរិកនិងអឺរ៉ុបបានបង្ហាញថាការខូចខាតមួយចំនួនអាចជាគ្រោះថ្នាក់ដោយចៃដន្យ មន្ត្រីជាន់ខ្ពស់មួយចំនួនអះអាងថាការរំខានជាចម្រើនមិនអាចពន្យល់ដោយ “ការបើកបរនាវាមិនល្អ” តែមួយប៉ុណ្ណោះទេ។
Wadephul បាននិយាយថា អាល្លឺម៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងឆ្លើយតបនឹងការគំរាមកំហែងចម្រុះនៅក្នុងតំបន់បាល់ទិកដោយបង្កើនការល្បាតនិងសម្ពាធថ្មីដាក់លើប្រតិបត្តិការដឹកជញ្ជូនសម្ងាត់របស់រុស្ស៊ី។
“រុស្ស៊ីគំរាមកំហែងយើងទាំងអស់គ្នានៅក្នុងតំបន់បាល់ទិក” លោកបាននិយាយ។ “យើងជាអ្នករស់នៅ អង្គការណាតូ និងសហភាពអឺរ៉ុបកំពុងប្រឈមនឹងការគំរាមកំហែងចម្រុះដោយប្រើកម្លាំងទាំងអស់របស់យើង រួមទាំងការល្បាតបន្ថែម។”
កងនាវាស្រមោលដែលគេហៅនោះមាននាវាដឹកប្រេងនិងនាវាដឹកទំនិញផ្សេងទៀតដែលប្រើដោយរុស្ស៊ីដើម្បីគេចវេះពីទណ្ឌកម្មលោកខាងលិច ជាពិសេសក្នុងការដឹកជញ្ជូនប្រេង។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សកម្មភាពបំផ្លិចបំផ្លាញដែលសង្ស័យទាក់ទងនឹងកងនាវានេះបានទាញចំណាប់អារម្មណ៍ទៅលើភាពងាយរងគ្រោះនៃខ្សែកាប្លិ៍ក្រោមសមុទ្រនិងបំពង់បង្ហូរ ដោយជំរុញឱ្យមានការតាមដានហេដ្ឋារចនាសម្ព័ន្ធសមុទ្រកាន់តែខ្លាំង។
ដោយហៅកងនាវានេះថាជា “ការគំរាមកំហែងសន្តិសុខដោយផ្ទាល់” Wadephul បាននិយាយថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីលើនាវាដែលជួយឱ្យរុស្ស៊ីគេចវេះពីការរឹតត្បិត។ “នេះក៏ជួយដល់អ៊ុយក្រែនផងដែរ ព្រោះកងនាវាស្រមោលដឹកជញ្ជូនប្រេងរាល់ថ្ងៃដែលរុស្ស៊ីលក់ដោយគេចវេះទណ្ឌកម្ម” លោកបានបន្ថែម។
នៅថ្ងៃទី១៤ ខែឧសភា ឯកអគ្គរដ្ឋទូតអឺរ៉ុបបានឯកភាពលើកញ្ចប់ទណ្ឌកម្មលើកទី១៧ របស់ប្លុកប្រឆាំងនឹងរុស្ស៊ី ដោយផ្តោតសំខាន់លើកងនាវាស្រមោលរបស់ប្រេងរបស់ខ្លួន។
ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានស្វាគមន៍ចំពោះការសម្រេចនេះ ដោយអះអាងថាវានឹង “រក្សាសម្ពាធខ្ពស់លើក្រឹមឡាំង”។
ប៉ុន្តែនៅក្រៅពពុះសហភាពអឺរ៉ុប អ្នករិះគន់មើលឃើញថាវាជាជំហានបន្តិចម្តងៗមួយទៀតដែលមិនសមនឹងភាពបន្ទាន់នៃពេលវេលា ហើយនៅក្រោយទ្វារបិទ សូម្បីតែមន្ត្រីអឺរ៉ុបក៏ទទួលស្គាល់ថាកញ្ចប់នេះត្រូវបានធ្វើឱ្យរលាយក្នុងពេលចរចា។
កញ្ចប់អឺរ៉ុបលើកទី១៧ ជាមួយនឹងទណ្ឌកម្មរុស្ស៊ីនឹងត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃទី២០ ខែឧសភា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងប្រ៊ុចសែល៕
