ប្រែសម្រួល៖សហការី

ប្រធានាធិបតីលោក Trump បានចោទប្រកាន់លោក Volodymyr Zelensky ដែលជាសមភាគីអ៊ុយក្រែនរបស់លោកថា បាន “ប្រើប្រាស់ខ្ជះខ្ជាយ” ជំនួយរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិកសម្រាប់ប្រទេសដែលរងគ្រោះដោយសង្គ្រាម។
លោក Trump ក្នុងបទសម្ភាសន៍កាលពីថ្ងៃសុក្រជាមួយអ្នករៀបចំកម្មវិធី “Special Report” របស់ Fox News គឺលោក Bret Baier បានអះអាងថា ការគ្រប់គ្រងមូលនិធិដែលផ្ដល់ដោយសហរដ្ឋអាមេរិកពីសំណាក់ក្រុងគីវ បានធ្វើឱ្យលោកខ្វល់ខ្វាយច្រើនជាងចំនួនទឹកប្រាក់ដែលវ៉ាស៊ីនតោនបានផ្ដល់ឱ្យអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២។
“ប្រាក់គឺជាប្រាក់” ប្រធានាធិបតីបានថ្លែង។ “អ្វីដែលធ្វើឱ្យខ្ញុំខ្វល់ខ្វាយ — ខ្ញុំស្អប់ការមើលឃើញរបៀបដែលវាត្រូវបាន ប្រើប្រាស់ខ្ជះខ្ជាយ”។
លោក Trump បានបញ្ចេញការខកចិត្តរបស់ខ្លួនចំពោះរបៀបដែលលោក Zelensky គ្រប់គ្រងជំនួយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបនឹងសំណួរពីលោក Baier ថាតើលោកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែរឬទេ។
“ខ្ញុំស្អប់ការមើលឃើញថាមូលប្បទានបត្រត្រូវបានផ្ញើចំនួន ៦០ពាន់លានដុល្លាររាល់ពេលដែលលោក Zelensky [ធ្វើដំណើរទៅវ៉ាស៊ីនតោន]” លោកបានខឹងសម្បារ។
“ខ្ញុំគិតថាគាត់ជាអ្នកលក់ដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ ល្អជាងខ្ញុំឆ្ងាយណាស់” លោក Trump បាននិយាយអំពីប្រធានាធិបតីអ៊ុយក្រែន។
“តើប្រាក់ទាំងអស់នេះ ទៅណាអស់ហើយ?” លោកបានបន្ថែម។
លោក Trump បានបន្តបញ្ចេញការមិនពេញចិត្តរបស់លោកចំពោះក្រុងគីវ ទោះបីជាលោក Baier បានព្យាយាមជំទាស់ថា “ប៉ុន្តែខ្ញុំចង់ផ្តោតសំណូរទៅលើរឿងលោក Putin”។
“យើងផ្ញើមូលប្បទានបត្រ។ យើងមិនមែនតែងតែផ្ញើគ្រឿងបរិក្ខារទេ។ យើងផ្ញើ — គ្រាន់តែជាមូលប្បទានបត្រ។ យើងផ្ញើ — គ្រាន់តែជាសាច់ប្រាក់” ប្រធានាធិបតីបានអះអាង។ “តើវានៅឯណា?”
នៅពេលដែលលោក Trump ចាប់ផ្តើមតវ៉ាថា ប្រទេសនៅអឺរ៉ុបគួរតែបានរួមចំណែកច្រើនជាងសហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាម លោក Baier បានព្យាយាមម្តងហើយម្តងទៀតដើម្បីដឹកនាំឲ្យគាត់(ត្រាំ)ទៅកាន់សំណួររបស់គាត់អំពីរឿងលោក Putin។
“ចាំមួយភ្លែត” លោក Trump បានឆ្លើយតប មុនពេលតវ៉ាថាសហរដ្ឋអាមេរិកត្រូវបាន “គេប្រព្រឹត្តធ្ងន់ធ្ងរ” ជាងអឺរ៉ុបដោយប្រទេសអ៊ុយក្រែន។
“យើងបានទទួលមរតកភាពវឹកវរនេះ ប៉ុន្តែខ្ញុំគិតថាវានឹងត្រូវបានដោះស្រាយ។”
ការឆ្លើយតបរបស់លោក Trump បានកើតឡើងខណៈពេលដែលមន្ត្រីបានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកនឹងបានចំណាយមូលនិធិដែលបានអនុម័តដោយសភាទាំងអស់ដើម្បីគាំទ្រអ៊ុយក្រែនត្រឹមខែមិថុនា។
សហរដ្ឋអាមេរិកបានអនុម័តជំនួយប្រមាណ ១៧៥ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង។
ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីបានបង្ហាញថា លោកសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំជាមួយលោក Putin ដែលលោកជឿជាក់ថានឹងនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងPutin។
“ខ្ញុំគិតថាយើងនឹងធ្វើវាឱ្យលឿន” លោក Trump បាននិយាយអំពីការជួបជាមួយប្រធានាធិបតីរុស្ស៊ី និងការដោះស្រាយកិច្ចព្រមព្រៀង។
“ខ្ញុំគិតថាគាត់(Putin)នឿយណាយនឹងរឿងទាំងមូលនេះ។ គាត់មើលទៅមិនល្អទេ ហើយគាត់ចង់មើលទៅល្អ៕”
ប្រភព៖ New York Post
