ដោយ : បន្ទាយ

ភ្នំពេញ – ពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានសម្រេចវឌ្ឍនភាពសាងសង់បាន១០០% និងបានបើកឲ្យប្រជាពលរដ្ឋនិងភ្ញៀវឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញតទៅហើយ។នេះបើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មានក្នុងស្រុកនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។
អ្នកនាំពាក្យរូបនេះ បានបន្តថា : គិតត្រឹមឆ្នាំ២០២៥ នេះ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ បានបើកឲ្យប្រជាពលរដ្ឋ អ្នកដំណើរ ភ្ញៀវទេសចរឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញតទៅ ។ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០%។
ស្ពានលេខ២៨នេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧. ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។
សូមរំលឹកដែរថា ផ្លូវជាតិលេខ១០ ជាផ្លូវថ្មីស្ថាបនាចាប់បំបែកពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK ៣៥+៩០០ ភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ ឃុំអូរសោមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ត្រង់ PK១+៧០០ ប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ការងារសាងសង់ផ្លូវជាតិលេខ ១០ (ឬអតីតផ្លូវជាតិ៥៥) បានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពីខ្សែខាងកើត(East Line )មក ខ្សែខាងលិច(West Line) មានប្រវែង ៦៥,៧៤គីឡូម៉ែត្រ ។
ដោយប្រើប្រាស់ហិរញ្ញប្បទានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន អ្នកទទួលបានសិទ្ធិសាងសង់គឺក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។
គម្រោងសាងសង់ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលបន្ថែមខ្ទង់ចំណាយ ៥៧លានដុល្លារបន្ថែមទៀត លើគម្រោងចាស់ដែលមានចំនួន១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការពុះកាត់ភ្នំក្រវាញជាពីរផ្នែក ដែលធ្វើឱ្យខូចខាតប្រព័ន្ធបរិស្ថាន និងទីជម្រករបស់ពពួកសត្វព្រៃ ខណៈបច្ចុប្បន្នព្រៃឈើនៅតំបន់។
ផ្លូវជាតិលេខ១០ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិង លោកវ៉ាង វិនធៀន( Wang Wentian) អតីតឯកអគ្គរដ្ឋទូតចិន។
ផ្លូវជាតិលេខ៥៥ ប្រវែង១៨៧គម ជាង បំបែកពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្វាយអាត់ ក្បែរបូជនីយដ្ឋានឃ្លាំងមឿង ក្រុងពោធិសាត់ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ព្រំដែននឹងខេត្តត្រាតប្រទេសថៃ។
ផ្លូវជាតិលេខ១០នេះ ត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់៤៨ ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។
ផ្លូវទាំងពីរខ្សែនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ដឹកជញ្ជូន ការធ្វើដំណើរទេសចរណ៍និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាមួយប្រទេសជិតខាងផងដែរ៕
