អន្តរជាតិ

ជនស៊ីវីល៩នាក់ស្លាប់ក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើអ៊ុយក្រែនបន្ទាប់ពីការចរចាសន្តិភាព

ប្រែសម្រួល៖ ស-សម្បត្តិ

គីវ៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើរថយន្តដឹកអ្នកដំណើរសាមញ្ញបានសម្លាប់មនុស្ស៩នាក់កាលពីថ្ងៃសៅរ៍ (ថ្ងៃទី១៧ ឧសភា) អាជ្ញាធរបានឱ្យដឹង មួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូ និងទីក្រុងគីវបានព្រមព្រៀងគ្នាលើការផ្លាស់ប្តូរឈ្លើយសឹកទ្រង់ទ្រាយធំនៅក្នុងកិច្ចចរចានៅប្រទេសតួកគី។

នៅចុងបញ្ចប់នៃសប្តាហ៍ដ៏តានតឹងមួយ អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការចរចាផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំប៉ុន្តែមិនបានឯកភាពគ្នាលើការឈប់បាញ់គ្នាទេ។

ហើយទោះបីជាមានការគំរាមកំហែងនៃទណ្ឌកម្មថ្មីលើរុស្ស៊ីពីសម្ព័ន្ធមិត្តគីវក៏ដោយ ក៏មិនមានការធូរស្បើយនៃការប្រយុទ្ធគ្នាឡើយ។

“ជាអកុសល ជាលទ្ធផលនៃការវាយប្រហារដ៏សាហាវមកលើរថយន្តដឹកពលរដ្ឋសាមញ្ញដោយរុស្ស៊ី មានអ្នកស្លាប់ហើយ” រដ្ឋបាលយោធានៅតំបន់ស៊ូមី ភាគខាងជើងប្រទេសអ៊ុយក្រែនបានប្រកាសនៅក្នុងសារមួយលើបណ្តាញ Telegram។

“ជាអកុសល ចំនួនអ្នកស្លាប់បានកើនឡើងដល់៩នាក់” ពួកគេបានបន្ថែមនៅពេលក្រោយ ជាមួយនឹងរូបថតមួយនៃរថយន្តមីនីបឺសពណ៌ខៀវដែលត្រូវបានបំផ្លាញអស់ដោយសារការផ្ទុះ។

មនុស្ស៤នាក់ត្រូវបានរបួសក្នុងការវាយប្រហារនេះ តាមរដ្ឋបាលបានឱ្យដឹង។

នៅក្នុងប្រកាសមុន អាជ្ញាធរបានឱ្យដឹងថាមនុស្ស៨នាក់ត្រូវបានសម្លាប់។

រថយន្ដក្រុងដែលត្រូវបានវាយប្រហារនៅជិតទីក្រុងប៊ីឡូពីលីយ៉ា ខណៈពេលធ្វើដំណើរឆ្ពោះទៅកាន់ស៊ូមី “ត្រូវបានវាយប្រហារដោយរុស្ស៊ី” តាមរដ្ឋបាលយោធាបានឱ្យដឹង។

តំបន់ព្រំដែនស៊ូមីរបស់អ៊ុយក្រែនបានទទួលរងការទម្លាក់គ្រាប់បែកកាន់តែសាហាវពីទីក្រុងម៉ូស្គូចាប់តាំងពីខែមីនា ពេលដែលកងកម្លាំងអ៊ុយក្រែនត្រូវបានរុញចេញពីតំបន់ឃឺសក៍របស់រុស្ស៊ី ដែលពួកគេបានគ្រប់គ្រងដោយផ្នែកចាប់តាំងពីរដូវក្ដៅឆ្នាំ២០២៤។

ការវាយប្រហារថ្មីបំផុតនេះកើតឡើងបន្ទាប់ពីមនុស្ស៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយរុស្ស៊ីកាលពីថ្ងៃសុក្រលើតំបន់ដូនេតស្ក៍ភាគខាងកើត និងតំបន់ឃឺសុនភាគអាគ្នេយ៍របស់អ៊ុយក្រែន។

  • ការរីកចម្រើនតិចតួចក្នុងការចរចា

ការចរចាផ្ទាល់លើកដំបូងចាប់តាំងពីរដូវផ្ការីកឆ្នាំ២០២២ – មិនយូរប៉ុន្មានបន្ទាប់ពីការឈ្លានពានពេញលេញរបស់ម៉ូស្គូនៅខែកុម្ភៈនោះ – រវាងអ៊ុយក្រែន និងរុស្ស៊ីនៅអ៊ីស្តង់ប៊ុលបានបញ្ចប់ដោយមានកិច្ចព្រមព្រៀងជាក់លាក់មួយដើម្បីផ្លាស់ប្តូរឈ្លើយសឹក១,០០០នាក់ម្នាក់។

ប៉ុន្តែមានសញ្ញាតិចតួចនៃការរីកចម្រើនណាមួយឆ្ពោះទៅរកការបញ្ឈប់ការប្រយុទ្ធគ្នាដែលបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំ បំផ្លាញផ្នែកធំៗនៃប្រទេសអ៊ុយក្រែន និងបណ្តាលឱ្យមនុស្សរាប់លាននាក់ត្រូវផ្លាស់ប្តូរទីលំនៅ។

ភាគីទាំងពីរបាននិយាយថា ពួកគេនឹង “បង្ហាញពីចក្ខុវិស័យរបស់ពួកគេអំពីលទ្ធភាពនៃការឈប់បាញ់គ្នានាពេលអនាគត” បើតាមអ្នកចរចាកំពូលរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី។

អ្នកចរចាកំពូលរបស់អ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិ លោក រូស្តែម អ៊ូមេរ៉ូវ បាននិយាយថា “ជំហានបន្ទាប់” នឹងជាកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងលោក វ្ល៉ាឌីមៀរ ពូទីន។ រុស្ស៊ីបាននិយាយថាបានកត់សម្គាល់ការស្នើសុំនេះ។

លោក ពូទីន បានបដិសេធមិនធ្វើដំណើរទៅប្រទេសតួកគីសម្រាប់កិច្ចប្រជុំនេះ ដោយលោក ហ្សេឡេនស្គី ចោទប្រកាន់ថាគាត់ “ខ្លាច” ហើយរុស្ស៊ីមិនយកចិត្តទុកដាក់ដល់ការចរចា “យ៉ាងខ្លាំង” ទេ។

លោក ហ្សេឡេនស្គី បានចូលរួមកិច្ចប្រជុំកំពូលអឺរ៉ុបនៅអាល់បានីជាមួយនឹងមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប៉ូឡូញ ក្នុងចំណោមប្រទេសផ្សេងទៀត ដែលជាកន្លែងដែលគាត់បានអំពាវនាវឱ្យមាន “ប្រតិកម្មខ្លាំង” ពីពិភពលោកប្រសិនបើការចរចានៅអ៊ីស្តង់ប៊ុលបរាជ័យ រួមទាំងទណ្ឌកម្មថ្មីផងដែរ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា ប្រទេសអឺរ៉ុបកំពុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិកលើទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូនៅតែបន្តបដិសេធ “ការឈប់បាញ់គ្នាដោយឥតលក្ខខណ្ឌ”។

ទាំងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនបាននិយាយពីតម្រូវការសម្រាប់កិច្ចប្រជុំមួយស្តីពីជម្លោះរវាងលោក ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

លោក ត្រាំ បាននិយាយថា “គ្មានអ្វីនឹងកើតឡើង” ចំពោះជម្លោះនេះទេ រហូតដល់គាត់ជួបលោក ពូទីន ដោយផ្ទាល់។

អំឡុងពេលនៃការចរចានៅអ៊ីស្តង់ប៊ុល ប្រភពមកពីអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រុស្ស៊ីកំពុងតែលើកការទាមទារទឹកដីដ៏តឹងរឹង ដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក ហ្សហ្សី ទីឃី ហៅថា “មិនអាចទទួលយកបាន”។

ទីក្រុងម៉ូស្គូអះអាងពីការប្រមូលយកតំបន់អ៊ុយក្រែនចំនួន៥ – ចំនួន៤ចាប់តាំងពីការឈ្លានពានរបស់ខ្លួននៅឆ្នាំ២០២២ និងឧបទ្វីបគ្រីមដែលខ្លួនបានប្រមូលយកនៅឆ្នាំ២០១៤៕

ប្រភព៖ AFP/dy