ប្រែសម្រួល៖រតនា

ភ្លើងឆេះមួយបានផ្ទុះឡើងនៅឃ្លាំងគ្រាប់រំសេវក្នុងភូមិ Perevalne ក្នុងតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់អំឡុងពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅព្រឹកថ្ងៃទី១៦ ខែឧសភា។ នេះជាការរាយការណ៍ដោយប៉ុស្តិ៍ Telegram ឈ្មោះ Crimean Wind ដោយដកស្រង់ពាក្យសម្តីរបស់អ្នករស់នៅក្នុងតំបន់។
កងពលតូចការពារឆ្នេរសមុទ្រដាច់ដោយឡែកទី១២៦ នៃកងទ័ពជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ី ត្រូវបានគេនិយាយថាមានមូលដ្ឋាននៅជិតភូមិ Perevalne។ ជាការឆ្លើយតបចំពោះឧប្បត្តិហេតុនេះ អាជ្ញាធរត្រូវបានរាយការណ៍ថាបានបិទផ្លូវដែលតភ្ជាប់រវាង Simferopol និង Alushta។
Crimean Wind បានចែករំលែកវីដេអូដែលថតដោយអ្នកមូលដ្ឋានដែលបង្ហាញផ្សែងកំពុងហុយឡើងពីទីតាំងផ្សេងៗនៅទូទាំងគ្រីមៀ។
ការផ្ទុះក៏ត្រូវបានរាយការណ៍ផងដែរនៅជិតទីលានយោធា Belbek និង Kacha ក្នុងក្រុង Sevastopol ព្រមទាំងនៅជិតកំពូលភ្នំ Fiolent, Balaklava និងក្រុង Bakhchisarai។
“សំឡេងផ្ទុះខ្លាំងៗដែលត្រូវបានឮក្នុងទីក្រុងគឺជាការងាររបស់ទាហានយើង” នេះជាការអះអាងរបស់លោក Mikhail Razvozhayev ដែលជាមេដឹកនាំរដ្ឋាភិបាលអាយ៉ងរបស់រុស្ស៊ីក្នុងទីក្រុង Sevastopol។
យោងតាមលោក Razvozhayev យន្តហោះគ្មានមនុស្សបើកចំនួនប្រាំមួយត្រូវបានបាញ់ទម្លាក់នៅលើឧបទ្វីបដែលត្រូវបានកាន់កាប់។ លោកមិនបានរាយការណ៍ពីការខូចខាតឬអ្នកស្លាប់ និងរបួសដោយសារការវាយប្រហារនេះទេ។
ប្រទេសអ៊ុយក្រែនមិនទាន់បានធ្វើការអធិប្បាយជាផ្លូវការលើការវាយប្រហារដែលត្រូវបានរាយការណ៍នេះទេ ហើយកាសែត Kyiv Independent មិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងនេះដោយឯករាជ្យបានទេ។
ក្នុងរយៈពេលនៃសង្គ្រាមពេញលេញរបស់រុស្ស៊ី អ៊ុយក្រែនបានអនុវត្តការវាយប្រហារជោគជ័យជាច្រើនប្រឆាំងនឹងគោលដៅរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀដែលត្រូវបានកាន់កាប់ និងតំបន់ជុំវិញ ធ្វើឱ្យកងទ័ពជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ីចុះខ្សោយយ៉ាងខ្លាំង៕
ប្រភព៖ Kyiv independent
