សន្ដិសុខសង្គម

រំលែកមរណទុក្ខគ្រួសារសព ពលករខ្មែរដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ ដែលទើបតែបញ្ជាក់និងបញ្ជូនមកដល់

ដោយ : បន្ទាយ

បន្ទាយមានជ័យ : កាលពីព្រឹកថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៥ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញអមដំណើរដោយ លោក យុត ស្វិនី ហេរញ្ញិកគណៈកម្មាធិការសាខា, លោកស្រី មុយ សុខឡែន លេខាធិការគណៈកម្មាធិការសាខា, លោក គង់ ដារ៉ា សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា បានចូលរួមរំលែកទុក្ខ និងយកសម្ភារ: រួមទាំងថវិកាចំនួន២លានរៀល ជូនក្រុមគ្រួសារនៃសព ពលករខ្មែរ លោក សាន់ សឿន និងលោកស្រី សុខ គឹមសី ទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លង ទៅ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

រង់ចាំទទួលរួមមាន លោកហ៊ឹល រ៉ាយ៉ា.អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះពង្រឹងក្រុងសិរីសោភ័ណ លោកលោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ៏ណជាដើម ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ អ៊ុ រាត្រី បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ចំពោះការបាត់បង់មបុស្សជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ ប្រណិប័តន៍ចំពោះមិត្តភក្តិ ញាតិសន្តានទាំងអស់។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នៃសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ការអញ្ជើញទៅដល់កន្លែងប្រារព្ធកម្មវិធីបុណ្យឈាបនកិច្ចនេះ គឺបន្ទាប់ពីសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមហេង សួ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: , រដ្ឋបាលខេត្តបន្ទាយមានជ័យនិងថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាពនានាបានផ្ញើសាររំលែកទុក្ខនោះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យក៏បានរំលែកមរណទុក្ខគ្រួសារសព ពលករខ្មែរដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃផងដែរ ។

សពដែលរកឃើញតាំងពីដំបូងៗ ប៉ុន្តែរង់ចាំលទ្ធផលកោសល្យវិច្ច័យ ពិនិត្យDNA រូចបានបញ្ជូនមកដល់នារាត្រីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ ធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតស្ថិតនៅក្នុងភូមិតាម៉ា សង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕