ប្រែសម្រួល៖សហការី

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹងមិនទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលដើម្បីជួបប្រជុំជាមួយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៥ ខែឧសភា នេះទេ ដូចដែលអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេសកូវ បានបញ្ជាក់។
វិមានក្រឹមឡាំងបានទុកពេលរហូតដល់ពេលចុងក្រោយក្នុងការបញ្ជាក់ថាតើប្រធានាធិបតី ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីឬអត់។ វិមានក្រឹមឡាំងបានចេញបញ្ជីគណៈប្រតិភូនៅយប់ថ្ងៃទី១៤ ខែឧសភា ប៉ុន្តែមេដឹកនាំរុស្ស៊ីមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនោះទេ។
គណៈប្រតិភូរុស្ស៊ីត្រូវបានដឹកនាំដោយលោក វ្លាឌីមៀ មេឌីនស្គី ដែលជាជំនួយការប្រធានាធិបតី។ គណៈប្រតិភូនេះក៏មានការចូលរួមពីលោក មីខាអ៊ីល ហ្គាលូហ្សីន រដ្ឋមន្ត្រីការបរទេសរង លោក អ៊ីហ្គ័រ កូស្ទីយូខូវ នាយកសេវាសម្ងាត់យោធា និងលោក អាឡិចសាន់ដ័រ ហ្វូមីន រដ្ឋមន្ត្រីការពារជាតិរងផងដែរ៕
ប្រភព៖Kyiv independent
