ប្រែសម្រួល៖ ស-សម្បត្តិ

រុស្ស៊ីបានបង្ហាញគណៈប្រតិភូរបស់ខ្លួនសម្រាប់ការចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី នៅក្នុងលិខិត ដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពុទីន នៅថ្ងៃទី១៤ ខែឧសភា ២០២៥។
រុស្ស៊ីមិនទាន់បញ្ជាក់ថាខ្លួននឹងបញ្ជូននរណាទៅចូលរួមការចរចានៅប្រទេសតួកគីនោះទេរហូតមកដល់ពេលនេះ។ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបញ្ជាក់ពីជំហររបស់ខ្លួននៅថ្ងៃទី១៤ ខែឧសភាថា អ៊ុយក្រែននឹងកំណត់ពីជំហានបន្ទាប់របស់ខ្លួនក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី នៅពេលដែលម៉ូស្គូបង្ហាញគណៈប្រតិភូរបស់ខ្លួន។
ម៉ូស្គូគ្រាន់តែបានប្រកាសថា គណៈប្រតិភូរបស់ពួកគេនឹងដឹកនាំដោយទីប្រឹក្សាប្រធានាធិបតី និងស្ថាបនិកឃោសនាការ វ្ល៉ាឌីមៀរ មេឌីនស្គី។
គណៈប្រតិភូរុស្ស៊ីក៏នឹងមានរដ្ឋមន្ត្រីការបរទេសរង មីខាអ៊ីល ហ្គាលូហ្សីន នាយកសេវាសម្ងាត់យោធារុស្ស៊ី អ៊ីហ្គ័រ កូស្ទីកូវ និងរដ្ឋមន្ត្រីការពារជាតិរង អាឡិចសាន់ដ័រ ហ្វូមីន។ គណៈប្រតិភូនេះមិនមានអ្នកនយោបាយកំពូលនៃវិមានក្រឹមឡាំង រួមទាំងរដ្ឋមន្ត្រីការបរទេសជើងចាស់របស់រុស្ស៊ី លោកសេហ្គេយ ឡាវរ៉ូវ។ លោកពូទីនបានបដិសេធការអំពាវនាវឱ្យមានការឈប់បាញ់ ហើយផ្ទុយទៅវិញបានទាមទារឱ្យការចរចាសន្តិភាពចាប់ផ្តើមមុនការអនុវត្តការឈប់បាញ់។
ជាការឆ្លើយតប ហ្សេឡេនស្គីបាននិយាយថា លោកនឹងធ្វើដំណើរទៅតួកគីសម្រាប់ការចរចាសន្តិភាព ហើយបានអញ្ជើញ លោកពូទីនឱ្យជួបគាត់នៅទីនោះ។ តែរហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់បានបង្ហាញសញ្ញាណាមួយដែលបញ្ជាក់ថា លោកពូទីននឹងមានវត្តមាននៅក្នុងការចរចាសន្តិភាពនៅថ្ងៃទី១៥ ខែឧសភាទេ។
ភាគីរុស្ស៊ីបាននិយាយថា ការចរចានៅថ្ងៃទី១៥ ខែឧសភានឹងជាការបន្តកិច្ចពិភាក្សាសន្តិភាពឆ្នាំ២០២២ ដែលធ្វើឡើងនៅតួកគីនៅពេលដែលរុស្ស៊ីចាប់ផ្តើមសង្គ្រាមពេញលេញប្រឆាំងនឹងអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២។
ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេស្រង់សម្តីនៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៥ថា លោកនឹងមិនទៅចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា នេះទេ ។
អ្នកតំណាងពិសេសរបស់លោកត្រាំ គឺលោក Steve Witkoff និងលោក Keith Kellogg នឹងធ្វើដំណើរទៅកាន់អ៊ីស្តង់ប៊ុលសម្រាប់កិច្ចចរចាសន្តិភាពដែលបានគ្រោងទុករវាងអ៊ុយក្រែននិងរុស្ស៊ី។ ប៉ុន្តែលោកប្រធានាធិបតី វ៉ូឡូឌីមៀរ សេឡេនស្គី បានអំពាវនាវឱ្យលោកត្រាំចូលរួមក្នុងការចរចានៅប្រទេសតួកគី។លោកហ្សេឡេនស្គីបញ្ជាក់ទៀតថា៖”យើងចង់ឲ្យប្រធានាធិបតីត្រាំបានចូលរួមការប្រជុំនៅប្រទេសតួកគីដើម្បីអាចក្លាយជាទឡ្ហីករណ៍ដ៏ខ្លាំងបំផុត” ។
លោកត្រាំបញ្ជាក់ថាគាត់នឹងមិនចូលរួមកិច្ចចរចាសន្តិភាពនៅតួកគីនោះទេ ព្រោះប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ប៉ូទីន គេចវេសពីការចរចា នេះបើតាមមន្ត្រីសហរដ្ឋអាមេរិកនិយាយ បន្ទាប់ពីរុស្ស៊ីបានបង្ហាញពីបញ្ជីឈ្មោះប្រតិភូដែលត្រូវទៅចូលរួមដោយគ្មានវត្តមានលោកពូទីន។
លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកអាចពិចារណាអនុវត្តទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី ប្រសិនបើវាមិនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមទេនោះ៕/
