ដោយ : បន្ទាយ

ភ្នំពេញ :យោធិនកម្ពុជា២រូបក្នុងកងអនុសេនាធំរាជអាវុធហត្ថ ក្រោមឆ័ត្រកងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានពលីក្នុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២ បានឱ្យដឹងថា : យោធិនកម្ពុជាចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង ម៉ាឡាកាល់(Malakal Town) នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
បើតាមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថា៖ ” ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុងម៉ាឡាកាល់(Malakal Town) នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងថា : នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
