អន្តរជាតិ

រុស្ស៊ីបញ្ជាក់ថាគណៈប្រតិភូដែលនឹងចូលរួមការចរចាសន្តិភាពនៅអ៊ីស្តង់ប៊ុលគឺអាចលោកឡារ៉ូវ និងអ៊ូសាខូវ ទំនងជាមិនមែនលោកពូទីនទេ

ប្រែសម្រួល៖ ស-សម្បត្តិ

នៅថ្ងៃទី១៣ ខែឧសភា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ភេសកូវ បានបញ្ជាក់ថា គណៈប្រតិភូរុស្ស៊ីមួយនឹងទៅកាន់អ៊ីស្តង់ប៊ុលនៅចុងសប្តាហ៍នេះសម្រាប់ការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានអញ្ជើញអ៊ុយក្រែនឱ្យចូលរួមក្នុងការចរចាដោយផ្ទាល់នៅអ៊ីស្តង់ប៊ុល បន្ទាប់ពីបានបដិសេធការអំពាវនាវឱ្យមានការបញ្ឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ ដែលគាំទ្រដោយអឺរ៉ុប អ៊ុយក្រែន និងសហរដ្ឋអាមេរិក។

ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានឆ្លើយតបដោយទទួលយកការអញ្ជើញនេះ ដោយនិយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បីជួបជាមួយពូទីននៅតួកគីនៅថ្ងៃទី១៥ ខែឧសភា។

ខណៈពេលដែលការចូលរួមរបស់ពូទីនមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ លោក ភេសកូវ បានសន្យាថា ក្រឹមឡាំងនឹងបញ្ជូនគណៈប្រតិភូមួយទៅកាន់ការចរចាសន្តិភាព។

“គណៈប្រតិភូរបស់យើងនឹងនៅទីនោះ និងនឹងរង់ចាំភាគីអ៊ុយក្រែន” លោក ភេសកូវ បាននិយាយទៅកាន់អ្នកកាសែតប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីមួយរូប។

ក្រឹមឡាំងមិនទាន់ប្រកាសអំពីអ្នកដែលនឹងចូលរួមក្នុងគណៈប្រតិភូរុស្ស៊ីនៅឡើយទេ ហើយនឹងប្រកាសតែនៅពេលដែលពូទីន “ឃើញថាចាំបាច់”។

ទោះយ៉ាងណាក៏ដោយ យោងតាមមន្ត្រីរុស្ស៊ីចាស់ម្នាក់ដែលបាននិយាយទៅកាន់កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ ក្រុងម៉ូស្គូនឹងតំណាងដោយរដ្ឋមន្ត្រីការបរទេស សែរហ្គេយ ឡាវរូវ និងជំនួយការនយោបាយការបរទេសរបស់ពូទីន លោក យូរី អ៊ូសាខូវ។

សហរដ្ឋអាមេរិកក៏នឹងមានតំណាងនៅក្នុងការចរចាសន្តិភាពនៅអ៊ីស្តង់ប៊ុលផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃទី១៣ ខែឧសភា ថា រដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ នឹងចូលរួម។ បេសកជនរបស់ត្រាំ លោក ស្ទីវ វីតខូហ្វ និងលោក គីត ខេឡក ក៏នឹងធ្វើដំណើរទៅអ៊ីស្តង់ប៊ុលដើម្បីសង្កេតការចរចាផងដែរ។

លោកត្រាំ ដែលបច្ចុប្បន្នកំពុងធ្វើដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ បានលើកឡើងថា លោកអាចនឹងចូលរួមក្នុងការចរចាសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់លោកនឹង “អាស្រ័យយ៉ាងខ្លាំង” លើវត្តមានរបស់ពូទីន។

ប្រសិនបើការជួបរវាងពូទីននិងហ្សេឡេនស្គីកើតឡើងមែន នេះនឹងជាការជួបគ្នាដោយផ្ទាល់លើកដំបូងរវាងមេដឹកនាំទាំងពីររូបចាប់តាំងពីឆ្នាំ២០១៩។ ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២ មិនមានការជួបដោយផ្ទាល់រវាងអ្នកទាំងពីរនោះទេ៕

ប្រភព៖ Kyiv independent