អន្តរជាតិ

មេដឹកនាំអ៊ុយក្រែនស្សេឡេនស្គីនឹងរង់ចាំជួបដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ីលោកពូទីនសម្រាប់ការចរចាសន្តិភាពនៅក្រុងអង់ការ៉ា

ប្រែសម្រួល៖ ស-សម្បត្តិ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ សេឡេនស្គី បានប្រកាសថា លោកនឹងរង់ចាំនៅទីក្រុងអងការ៉ានៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១៥ ខែឧសភា) សម្រាប់ការចរចាសន្តិភាពជាមួយមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលមិនទាន់បានបញ្ជាក់ពីវត្តមានរបស់គាត់នៅឡើយទេ។

ការជួបប្រជុំនេះត្រូវបានគេមើលើញថាវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមរយៈពេលជាង៣ឆ្នាំ។ លោកស្សេឡេនស្គីបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគីវថា លោកនឹងជួបជាមួយប្រធានាធិបតីតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន ហើយពួកគេនឹងរង់ចាំការមកដល់របស់លោកពូទីន។

លោកស្សេឡេនស្គីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោកក្នុងការចរចាបញ្ឈប់បាញ់ ដោយបានថ្លែងថា “មានតែលោក [ពូទីន] ទេដែលអាចសម្រេចចិត្តបាន”។ លោកបានព្រមានថា ប្រសិនបើលោកពូទីនមិនបង្ហាញខ្លួនទេ មេដឹកនាំអឺរ៉ុបនិងអាមេរិកគួរតែអនុវត្តទណ្ឌកម្មបន្ថែមដ៏ធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៊ី។

រដ្ឋបាលរបស់លោកត្រាំ ដែលចូលកាន់តំណែងកាលពីខែមករាដោយសន្យាថានឹងបញ្ចប់ជម្លោះ បានដាក់សម្ពាធលើភាគីទាំងពីរឱ្យចរចា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ នឹងចូលរួមកិច្ចប្រជុំដែលបានគ្រោងទុក។ មេដឹកនាំអឺរ៉ុប រួមទាំងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដរិក មែស និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានគំរាមដាក់ទណ្ឌកម្មសំខាន់ៗ ប្រសិនបើរុស្ស៊ីមិនយល់ព្រមទៅនឹងការបញ្ឈប់បាញ់រយៈពេល៣០ថ្ងៃទេ ដោយអាចគោលដៅសេវាកម្មហិរញ្ញវត្ថុ និងវិស័យប្រេង និងឧស្ម័ន។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីកញ្ចប់ទណ្ឌកម្មចំនួន១៦ ដែលបានដាក់រួចហើយដោយសហភាពអឺរ៉ុប ការសម្រេចបានឯកច្ឆន្ទក្នុងចំណោមសមាជិកទាំង២៧របស់សម្ព័ន្ធនេះសម្រាប់វិធានការថ្មីៗសំខាន់ៗ បានក្លាយជាកាន់តែពិបាកឡើងៗ។ ប្រទេសហុងគ្រី ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី បានរារាំងឬកាត់បន្ថយទណ្ឌកម្មជាញឹកញាប់។

សង្គ្រាមដែលបន្តចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២ បានក្លាយជាសង្គ្រាមរអាក់រអួលតាមបណ្តោយខ្សែសមរភូមិប្រវែងប្រហែល១,០០០គីឡូម៉ែត្រ ដែលបណ្តាលឱ្យទាហានរាប់ម៉ឺននាក់ស្លាប់។ អ្នកវិភាគយោធាកត់សម្គាល់ថា ភាគីទាំងពីរកំពុងត្រៀមខ្លួនសម្រាប់យុទ្ធនាការរដូវផ្ការីកនិងរដូវក្តៅ ដោយរុស្ស៊ី “កំពុងបំពេញឡើងវិញយ៉ាងឆាប់រហ័សនូវកងពលនៅសមរភូមិខាងមុខជាមួយនឹងទាហានបែបថ្មីៗដើម្បីរក្សាគំនិតផ្តួចផ្តើមនៅលើសមរភូមិ”៕