ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តមួយនេះ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា នៅព្រឹកថ្ងៃទី ១៤ ឧសភានេះ។

បន្ទាប់ពីបញ្ចប់ពិធីថ្វាយបង្គំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តថ្លែងសារជូនពរថា៖«ទួលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ជាកូនចៅ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណ ឈ្វេងយល់ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជាជន»។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបន្តថា៖«ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណកាន់តែភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមថ្វាយព្រះរាជមហាកុសល ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាអាយុវឌ្ឍនមង្គលមួយដ៏ល្អប្រសើរថ្លៃថ្លា និងជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រខ្មែរបានយូរអង្វែងតរៀងទៅ»៕
