ប្រែសម្រួល៖ ស-សម្បត្តិ

រុស្ស៊ីហាក់ដូចជាកំពុងត្រៀមធ្វើការវាយប្រហារដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ុយក្រែន ដោយខ្លួនកំពុងផ្លាស់ទីកងទ័ពឆ្ពោះទៅកាន់ទីតាំងសំខាន់ៗនៅលើផ្នែកខាងមុខនៃសមរភូមិ យោងតាមការរាយការណ៍របស់កាសែត Financial Times ក្នុងថ្ងៃទី១៣ ខែឧសភា ដែលដកស្រង់ពីមន្ត្រីសេវាកម្មសម្ងាត់អ៊ុយក្រែនដែលមិនបានបញ្ចេញអត្តសញ្ញាណ។
ការត្រៀមខ្លួនដែលត្រូវបានរាយការណ៍ទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការពង្រីកសង្គ្រាម ទោះបីជាមានការរំពឹងថានឹងមានការចរចាអំពីការផ្អាកប្រយុទ្ធជាបណ្តោះអាសន្ននៅសប្តាហ៍នេះ និងការអំពាវនាវពីទីក្រុងគីវ និងដៃគូរបស់ខ្លួនសម្រាប់ការឈប់បាញ់គ្នារយៈពេល៣០ថ្ងៃដោយគ្មានលក្ខខណ្ឌក៏ដោយ។
រុស្ស៊ីបានបដិសេធសំណើអំពីការផ្អាកប្រយុទ្ធជាបណ្តោះអាសន្ន លុះត្រាតែមានការផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន ហើយបន្តធ្វើការវាយប្រហារនៅលើដីនៅតាមបណ្តោយផ្នែកខាងមុខនៃសមរភូមិ និងការវាយប្រហារពីចម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។
ការប៉ះទង្គិចគ្នាចំនួន១៦៣លើកត្រូវបានកត់ត្រានៅផ្នែកខាងមុខនៃសមរភូមិ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ យោងតាមការរាយការណ៍របស់កងទ័ពអ៊ុយក្រែននៅព្រឹកថ្ងៃទី១៤ ខែឧសភា។ ក្រុមត្រួតពិនិត្យ DeepState បាននិយាយថា កងកម្លាំងរុស្ស៊ីថ្មីៗនេះបានរីកចម្រើននៅក្នុងទីក្រុង Toretsk និងនៅជិតទីក្រុង Pokrovsk ក្នុងខេត្ត Donetsk។
ទីក្រុងគីវបានព្រមានអំពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីនៅរដូវផ្ការីក ដែលមានគោលដៅការកាន់កាប់ទឹកដីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅក្នុងការចរចាដែលអាចកើតមាន។ មេបញ្ជាការកងទ័ពកំពូល លោក Oleksandr Syrskyi បាននិយាយកាលពីខែមុនថា យុទ្ធនាការនេះ «បានចាប់ផ្តើមយ៉ាងមានប្រសិទ្ធភាពរួចហើយ» ជាមួយនឹងការពង្រឹងការវាយប្រហាររបស់រុស្ស៊ី។
ប្រធានាធិបតី Volodymyr Zelensky កំពុងធ្វើដំណើរទៅប្រទេសតួកគីនៅសប្តាហ៍នេះ ហើយបានអញ្ជើញប្រធានាធិបតីរុស្ស៊ី Vladimir Putin ឱ្យពិភាក្សាអំពីការផ្អាកប្រយុទ្ធជាបណ្តោះអាសន្ន ក្នុងអ្វីដែលនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៩មក។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានសន្យាថានឹងធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងម៉ូស្គូនិងទីក្រុងគីវ បានបង្ហាញភាពសុទិដ្ឋិនិយមអំពីការចរចាដែលអាចកើតមាននេះ ហើយបានបញ្ជូនរដ្ឋមន្ត្រីការបរទេស Marco Rubio និងប្រតិភូពិសេស Steve Witkoff និង Keith Kellogg ឱ្យចូលរួម។
ក្រឹមឡាំងមិនបានបញ្ជាក់ថាតើលោក Putin នឹងចូលរួមការចរចាដោយផ្ទាល់ឬអត់នោះទេ ប៉ុន្តែកាសែត Washington Post បានរាយការណ៍ថា ទីក្រុងម៉ូស្គូនឹងត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេស Sergey Lavrov និងជំនួយការគោលនយោបាយការបរទេសរបស់លោក Putin គឺលោក Yuri Ushakov។
លោក Andriy Yermak ប្រធានបុគ្គលិករបស់លោក Zelensky បាននិយាយនៅថ្ងៃទី១៣ ខែឧសភាថា ប្រសិនបើលោក Putin មិនមកប្រទេសតួកគីទេ វានឹងជា «សញ្ញាចុងក្រោយ» ដែលបង្ហាញច្បាស់ថារុស្ស៊ី «មិនចង់បញ្ចប់សង្គ្រាម ហើយមិនត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាណាមួយទេ»៕
