ដោយ : បន្ទាយ

បន្ទាយមានជ័យ : ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា និងខេត្តស្រះកែវប្រទេសថៃ បានឆ្លាស់វេនធ្វើម្ចាស់ផ្ទះ ព្រមទាំងព្រះសង្ឃ និង ពុទ្ធបរិស័ទចំនួន ១. ២១០អង្គ នាក់បានចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តគិរីជុំចំការខ្នុរ ជាវត្តដែលព្រះបាឡាត់គណខេត្តគង់នៅនាសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
នេះបើតាមព្រះមន្ត្រីសង្ឃ មន្ត្រីធម្មការនិងអាជ្ញាធរដែនដីអោយដឹងកាលពីល្ងាច ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២៥។
កម្មវិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក លី វណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុ រាត្រី អភិបាលខេត្ត។ចំណែកភាគីថៃ លោក ឆៅវៈណេត យិមប្រាក់សឺត អភិបាលរងខេត្តស្រះកែវ និងព្រះអធិបតីភាពព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តនៃគណ:មហានិកាយបន្ទាយមានជ័យ ព្រះវរៈមុនី វ៉ា ចិន្តា ព្រះមេគណខេត្ត នៃគណៈធម្មយុត្តិកនិកាយ ព្រះសមណៈញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្ត និងជាព្រះចៅអធិការវត្តគិរីជុំចំការខ្នុរ និងចូលរួមដោយលោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត ,ប្រធាន អនុប្រធាន ស្នងការរង មេបញ្ជាការរង អង្គភាពពាក់ព័ន្ធ, លោកស្រី វៈរិនថន នាមវង្ស ប្រធានការិយាល័យព្រះពុទ្ធសាសនាខេត្តស្រះកែវ ពុទ្ធបរិស័ទជិតឆ្ងាយ ក្រុមយុវជន ស.ស.យ.ក សិស្ស យុវជន យុវនារី.១.២១០ អង្គ / នាក់។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យយបានមានប្រសាសន៍ថា: ក្រសួងធម្មការនិងសាសនាបានកំណត់ថា បុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី : ១- ថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត ២- ទ្រង់ត្រាស់ដឹង និង៣- ទ្រង់បរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខតែមួយដូចៗគ្នា។
ព្រះសមណៈញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្ត និងជាព្រះចៅអធិការវត្តគិរីជុំចំការខ្នុរ បានមានសង្ឃដីកាថា : បុណ្យវិសាខបូជានេះដែរ ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំផងដែរ។
ក្នុងប្រារព្ធពិធីបុណ្យនេះ លោក លី សុវណ្ណារិទ្ធ និងគណ:អធិបតីបានធ្វើពិធីហែក្បួនរថយន្ត និងមធ្យបាយនានា ដែលមានតាំងព្រះឆាយាលក្ខណ៍ព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធត្រាស់ដឹង និងព្រះពុទ្ធចូលបរិនិពាន្តផងដែរ បានធ្វើដំណើរលើផ្លូវសំខាន់ៗក្នុងក្រុងសិរីសោភ័ណ រួចមកជួបជុំប្រារព្ធពិធីនៅវត្តចំការខ្នុរតែម្តង ៕
