ព័ត៌មានជាតិ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលរចនាសម្ពន្ធទបង្ហូរទឹកផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ

សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។

រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ,ក្រុមការងារជួសជុល

លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រចនាសម្ពន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។

រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ,ក្រុមការងារជួសជុល

រចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឫសចូលសំណង់។

លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១ គឺរចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងកើត និងទី២រចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងជើង។

រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ,ក្រុមការងារជួសជុល

ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យអ្នកទេសចរអាចទៅទស្សនាកើនឡើងផង៕

អត្ថបទ៖ ឆាយ ផាន់នី