ប្រែសម្រួល៖ស-សម្បត្តិ

អាល្លឺម៉ង់បានផ្តល់ពេលឱ្យរុស្ស៊ីរហូតដល់ចុងថ្ងៃទី១២ ខែឧសភា ដើម្បីយល់ព្រមលើការបញ្ឈប់បាញ់នៅអ៊ុយក្រែន ដោយព្រមានថាការបរាជ័យក្នុងការធ្វើបែបនេះនឹងធ្វើឱ្យមានការត្រៀមរៀបចំទណ្ឌកម្មថ្មី តាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល ស្តេហ្វាន ខូនេលៀស ក្នុងអំឡុងពេលនៃការធ្វើសេចក្តីប្រកាសព័ត៌មាន ដែលកាសែត Tagesschau បានរាយការណ៍នៅថ្ងៃទី១២ ខែឧសភា។
«នាឡិកាកំពុងរាប់ថយក្រោយ — យើងនៅសល់ពេល១២ម៉ោងទៀតរហូតដល់ចុងថ្ងៃនេះ» តាមការអះអាងរបស់លោក ខូនេលៀស ដោយបន្ថែមថា ក្រុងប៊ែរឡាំងកំពុងសម្របសម្រួលជាមួយដៃគូអឺរ៉ុបលើទណ្ឌកម្មបន្ថែម។
សម្តីបញ្ជាក់ជាចុងក្រោយនេះ គឺបន្ទាប់ពីរុស្ស៊ីបដិសេធការបញ្ឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទី១២ ខែឧសភា ដែលត្រូវបានស្នើឡើងដោយអ៊ុយក្រែននិងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីសប្តាហ៍មុន នៅពេលដែលមេដឹកនាំអឺរ៉ុបបានទៅទស្សនាក្រុងគីវ។

តម្រូវការសម្រាប់ការបញ្ឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ គឺជាលទ្ធផលចម្បងនៃការចរចារវាងអ៊ុយក្រែន បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ យោងតាមប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ការវាយប្រហាររបស់រុស្ស៊ីបានបង្ករបួសយ៉ាងហោចណាស់មនុស្ស២២នាក់នៅអ៊ុយក្រែន។ នេះរួមបញ្ចូលយ៉ាងហោចណាស់មនុស្ស៧នាក់ដែលរងរបួសក្នុងការវាយប្រហារដោយដ្រូននៅពេលយប់នៃថ្ងៃទី១២ ខែឧសភា ជាកាលបរិច្ឆេទដែលការបញ្ឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃគួរតែបានចាប់ផ្តើម។
ក្រឹមឡាំងនៅតែបន្តទាមទារការចរចាដោយគ្មានការបញ្ឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។ នៅក្នុងសន្និសីទសារព័ត៌មាននាពេលព្រឹកថ្ងៃទី១១ ខែឧសភា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញអ៊ុយក្រែនឱ្យចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ ដែលយោងតាមជំនួយការរបស់ក្រឹមឡាំង យូរី អូសាកូវ រុស្ស៊ីប្រាថ្នាចង់ឱ្យផ្អែកលើលក្ខខណ្ឌនៃការពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ និង «ស្ថានភាពបច្ចុប្បន្ននៅលើសមរភូមិ»។
លោក ហ្សេឡិនស្គី បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការជួបជាមួយលោក ពូទីន នៅតួកគីនៅថ្ងៃទី១៥ ខែឧសភា ដោយបញ្ជាក់ឡើងវិញអំពីសំណើរបស់អ៊ុយក្រែនសម្រាប់ការបញ្ឈប់បាញ់ទាំងស្រុងនិងគ្មានលក្ខខណ្ឌចាប់ពីថ្ងៃទី១២ ខែឧសភា។ ក្រឹមឡាំងមិនបានឆ្លើយតបទៅនឹងសំណើរបស់លោក ហ្សេឡិនស្គី សម្រាប់ការជួបគ្នាផ្ទាល់របស់មេដឹកនាំទាំងពីរនោះទេ៕
