អន្តរជាតិ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ជាថ្មីម្តងទៀតបានប្រាប់ទៅពូទីននិងហ្សេឡេនស្គី៖ ‘បញ្ចប់សង្គ្រាមនេះ’

ប្រែសម្រួល៖ស-សម្បត្តិ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ (ថ្ងៃទី៩ ខែឧសភា) ថា លោកចង់ឲ្យប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពុទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី “បញ្ចប់សង្គ្រាមនេះ” នៅអ៊ុយក្រែន ខណៈលោកកំពុងជំរុញឲ្យមានការឈប់បាញ់រយៈពេល៣០ថ្ងៃ។

លោកត្រាំ ដែលនឹងចាកចេញនៅថ្ងៃចន្ទដើម្បីធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ត្រូវបានសួរអំពីសារលោកផ្ញើទៅកាន់លោកពូទីន ក្រោយមានការព្រមានពីស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងគីវ អំពីការវាយប្រហារតាមអាកាស “ដែលអាចមានសក្តានុពលយ៉ាងខ្លាំង” នៅប៉ុន្មានថ្ងៃខាងមុខ។

“ខ្ញុំមានសារមួយសម្រាប់ភាគីទាំងពីរ៖ ចូរបញ្ចប់សង្គ្រាមនេះ” លោកត្រាំបាននិយាយអំពីអ៊ុយក្រែននិងរុស្ស៊ី។ “បញ្ចប់សង្គ្រាមឆ្កួតនេះ។ នោះជាសាររបស់ខ្ញុំសម្រាប់ពួកគេទាំងពីរ” លោកត្រាំបានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរាងពងក្រពើ។

ស្ថានទូតបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនបានទទួលព័ត៌មានអំពីការវាយប្រហារតាមអាកាសដែលអាចកើតឡើងគ្រប់ពេលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

“ស្ថានទូត ដូចជានិច្ចកាល ណែនាំឲ្យពលរដ្ឋអាមេរិកត្រូវត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកជម្រកភ្លាមៗ ប្រសិនបើមានការប្រកាសអាសន្នតាមអាកាស” ស្ថានទូតបានថ្លែង។

សេតវិមានបាននិយាយថា លោកត្រាំមានការសន្ទនាតាមទូរសព្ទដែល “ល្អនិងមានផលិតភាព” ជាមួយលោកហ្សេឡេនស្គីកាលពីថ្ងៃព្រហស្បត៍ ហើយលោកត្រាំសង្ឃឹមថា ទាំងអ៊ុយក្រែននិងរុស្ស៊ីនឹងយល់ព្រមនៅសប្តាហ៍ក្រោយចំពោះសំណើឈប់បាញ់រយៈពេល៣០ថ្ងៃ។

អ្នកនាំពាក្យសេតវិមាន ការ៉ូលីន ឡេវីត បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រថា ការជួបរវាងលោកត្រាំនិងលោកពូទីននៅសប្តាហ៍ក្រោយនៅមជ្ឈិមបូព៌ា នឹងមិនកើតឡើងទេ។
នៅក្រុងគីវ លោកអាន់ដ្រី យ៉េរម៉ាក់ ប្រធានបុគ្គលិកការិយាល័យរបស់លោកហ្សេឡេនស្គី បាននិយាយថា លោកបានសន្ទនាតាមទូរសព្ទកាលពីថ្ងៃសុក្រជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ម៉ាកូ រូប៊ីអូ និងមន្ត្រីផ្សេងទៀតអំពីសំណើឈប់បាញ់ ជាផ្នែកមួយនៃការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព។

“ចំណុចសំខាន់គឺជាសំណួរអំពីការឈប់បាញ់និងទស្សនវិស័យសម្រាប់ការសម្រេចបានសន្តិភាព” លោកយ៉េរម៉ាក់បានសរសេរនៅលើ Telegram ដោយបន្ថែមថា អ្នកតំណាងសហរដ្ឋអាមេរិក ស្ទីវ វីតខូហ្វ និងគីត ខេលឡុក ក៏បានចូលរួមផងដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន រុស្តឹម អ៊ូមេរ៉ូវ ក៏មានវត្តមានផងដែរ។
“ក៏បានពិភាក្សាផងដែរអំពីសារៈសំខាន់នៃការអនុវត្តចំណុចដែលប្រធានាធិបតីរបស់យើងបានព្រមព្រៀង” លោកយ៉េរម៉ាក់បានសរសេរ៕
ប្រភព៖ រ៉យទ័រ/gs