ដោយ : បន្ទាយ

បន្ទាយមានជ័យ : អង្គាសបានជំនួយសប្បុរសគិតជាប្រាក់ចំនួន២១៦. ៦៥៩ដុល្លារអាមេរិកនិងអង្ករ១០តោន ក្នុងពីធីអបអរសាទរខួបទី១៦២ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២៥នៅខេត្តបន្ទាយមានជ័យ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥ ។
ពិធីនោះ មានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បបានអញ្ជើញជាអធិបតីភាពនិងចូលរួមដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងឥស្សរជនសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ សប្បុរសជនយ៉ាងច្រើនកុះករ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា : កាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដូចជាស្ថាប័ននានានោះឡើយ ពោលគឺធនធានជាថវិកាសម្រាប់ចំណាយប្រតិបត្តិការការងារតាមសាខាកាកបាទក្រហមកម្ពុជានីមួយៗ គឺពឹងផ្អែកទាំងស្រុងពីការចូលរួមបង់ប្រាក់សមាជិកភាព ប្រចាំឆ្នាំនិងការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។
ក្នុងនោះមានព្រះសង្ឃ មន្ត្រីរាជការស៊ីវិល តាមបណ្ដាមន្ទីរអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិត ពាណិជ្ជករ អាជីវករវិស័យឯកជន ទាំងប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្តដែលមានសមានចិត្តនិងឧត្តមគតិខ្ពស់បានបរិច្ចាគថវិកា សម្ភារជូនសាខាកាកបាទក្រហមខេត្ត។
លោក ឌិត ទីណា បានមានប្រសាសន៍សម្ដែងនូវអំណរគុណនូវទឹកចិត្តសប្បុរស។លោកបន្តថា មានតាមរយៈការអំពាវនាវការដាក់ប្រអប់វិភាគទានដើម្បីកៀរគរថវិកាសម្រាប់ធ្វើជាទុនក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយជនរងគ្រោះនិងងាយរងគ្រោះប្រកបដោយ បរិយាប័ន្ន ៕
