សន្ដិសុខសង្គម

អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងស្លា.ប់មនុស្ស៣នាក់

ដោយ៖សុខុម
ព្រះសីហនុ៖ រថយន្តដឹកប្រេងមួយគ្រឿងបានឆាបឆេះរួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច ភូមិព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោងជាង១១យប់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់។

សមត្ថកិច្ចបានរាយការណ៍ថា រថយន្តដឹកប្រេងដែលឆាបឆេះនោះគឺជារបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ផ្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង អស់ទាំងស្រុង ,ម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។

ប្រភពបានបន្តឱ្យដឹងថា៖ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង)។ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឱ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន៣នាក់រួមមាន៖១. ឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ ១៨ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ២. ឈ្មោះ ភក្ដី រីតា ភេទ ស្រី អាយុ ១៥ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ៣. ឈ្មោះ ភក្ដី សំមេន ភេទប្រុស អាយុ ១៣ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ (រងរបួសស្រាល) ។

ក្រោយពីចុះស្រាវជ្រាវរកឃើញថា មូលហេតុ តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ រូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់ឲ្យទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ករណីអគ្គិភ័យខាងលើ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើនឹង១២ម៉ែត្រគុប។
រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន២គ្រឿង បានប្រើប្រាស់ទឹកអស់២រថយន្ត ស្មើនឹង០៨ម៉ែត្រគុប៕