ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរារៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន

សៀមរាប៖​​ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័នដើម្បីទុកដាក់ឱ្យបានថ្មល្អប្រសើរ មានភាពងាយស្រួលក្នុងការដឹងប្រភេទថ្ម។

រូបភាព៖ ភោគ ជា, ស៉ិន ប្រណី

លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថាក្រុមការងារបានអនុវត្តកិច្ចការនេះអស់រយៈពេលចូល៥ខែមកហើយ ដោយកំណត់យកតួអក្សរសម្រាប់តាង។ ចំពោះថ្មទាំងនេះ មានខ្លះជាបំណែក​ព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។

បុរាណវិទូ លោក ផុន តារា បានឱ្យដឹងថា ថ្មដែលកំពុងរៀបចំទុកដាក់ឱ្យបានល្អនេះ នឹងត្រូវយក​ទៅរក្សាទុក​នៅបរិវេណប្រាសាទបាភួន។ ចំណែកបំណែកថ្មខ្លះដូចជាកំពូល ​ ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាមទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។ លោក តារា សង្ឃឹមថា ការរៀបចំនេះនឹងធ្វើឱ្យថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួលក្នុងការយកមកប្រើប្រាស់ ឬជួសជុលប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទនា​ពេលអនាគត៕

អត្ថបទ៖ នាង សំណាង