ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ មន្ត្រីជំនាញពិនិត្យរកឃើញមឹកស្រស់ជាង ៣០គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ដាក់តាំងលក់នៅក្នុងផ្សារបឹងឈូក ក្រុងបាត់ដំបង។
មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ការចុះតាមដានត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នៅត្រង់ចំណុចផ្សារបឹងឈូក ឋិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បេសកកម្មពេញមួយព្រឹករវាងមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រតួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) សាខាខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម រួមទាំងអាជា្ញធរពាក់ព័ន្ធផងនោះបានពិនិត្យទៅលើតូបចំនួន ១២ និងបានវិភាគរកសារធាតុគីមីហាមឃាត់លើសំណាកចំនួន ១៩គំរូ ក្នុងនោះមាន បង្គាស្រស់, ដៃមឹកយក្ស, មឹកស្រស់, មឹករំដួល, ប្រហិតសាច់គោ, សាច់ប៉ាតតេ, សរសៃគុយទាវ, ស្ពៃជ្រក់, ជ្រក់ត្រសក់ស្រូវ, ម៉ាំល្ហុង, មីលឿង, ពងទា, ណែមសាច់ត្រី, ណែមស្បែកជ្រូក, សណែ្តកបណ្តុះ, នំស្លឹកស្រស់ នំចាំង និងទឹកខ្មេះជាដើម។
ជាលទ្ធផលនៃចុះការពិនិត្យ មន្រ្តីជំនាញបានសម្រេចដកហូតមឹកដៃយក្ស មឹករំដួល និងមឹកស្រស់សរុបចំនួន ៣៤.៥គីឡូក្រាមបន្ទាប់ពីបានរកឃើញមានសារធាតុគីមីហាមឃាត់បង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ អ្នកទទួលទាន ដើម្បីយកទៅកម្ទេចចោល។
មន្ត្រីខាងលើថែមទាំងបានណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឬអាជីវករក្តីឲ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ធានាថាម្ហូបអាហារដែលដាក់តាំងលក់លើទីផ្សារជាផលិតផលមានសុវត្ថិភាពដល់អតិថិជន៕
