អន្តរជាតិ

ការវាយប្រហារដោយដ្រូនអ៊ុយក្រែនលើទីក្រុងម៉ូស្គូ បង្អាក់ការធ្វើដំណើរតាមផ្លូវអាកាសរបស់អ្នកដំណើរចំនួន ៦០.០០០ នាក់នៅរុស្ស៊ី

ប្រែសម្រួល៖សហការី

ដ្រូនអ៊ុយក្រែនបានបង្ខំឱ្យមានការពន្យារពេលហោះហើរជាច្រើន និងការប្តូរទិសនៅព្រលានយន្តហោះជុំវិញទីក្រុងម៉ូស្គូនៅថ្ងៃទី៧ ខែឧសភា ដូចបានរាយការណ៍ដោយបណ្តាញតេលេក្រាមគាំទ្រក្រឹមឡាំង Mash។

ការរំខាននេះកើតឡើងប៉ុន្មានថ្ងៃមុនការប្រារព្ធពិធីជ័យជម្នះរបស់រុស្ស៊ីនៅថ្ងៃទី៩ ខែឧសភា ដែលជាព្រឹត្តិការណ៍សាធារណៈធំបំផុតមួយរបស់ប្រទេស និងជាឧបករណ៍ឃោសនាសំខាន់សម្រាប់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

ជាថ្ងៃទីបីជាប់គ្នា ក្រឹមឡាំងបានរាយការណ៍អំពីការទម្លាក់ដ្រូនអ៊ុយក្រែនដែលកំពុងចូលទីក្រុងម៉ូស្គូ ដែលបានរំខានដល់ការហោះហើរក្នុងតំបន់។

យោងតាមសមាគមប្រតិបត្តិករទេសចរណ៍នៃប្រទេសរុស្ស៊ី សកម្មភាពយោធាអ៊ុយក្រែនថ្មីៗនេះបានបណ្តាលឱ្យមានការបិទព្រលានយន្តហោះ ដែលបានរំខានផែនការធ្វើដំណើររបស់អ្នកដំណើរយ៉ាងហោចណាស់ ៦០.០០០ នាក់ទូទាំងប្រទេស។ ជាង ៣៥០ ជើងហោះហើរត្រូវបានរាយការណ៍ថាបានរងផលប៉ះពាល់។

Mash បានអះអាងថា ការវាយប្រហារដោយដ្រូននៅល្ងាចថ្ងៃទី៦ ខែឧសភា បានបង្កឱ្យមាន “ភាពច្របូកច្របល់” នៅគ្រប់ព្រលានយន្តហោះក្នុងតំបន់ម៉ូស្គូ ដែលបង្ខំឱ្យយន្តហោះជាច្រើនត្រូវប្តូរទិសទៅកាន់ទីក្រុងផ្សេងៗ ឬពន្យារពេលចាកចេញ។ អ្នកដំណើរមួយចំនួនត្រូវបានទុកនៅលើយន្តហោះអស់រយៈពេលច្រើនម៉ោងដោយគ្មានអាហារ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនពីរគ្រឿងនៅក្នុងតំបន់នោះ។

នៅព្រលានយន្តហោះ Sheremetyevo មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅតុព័ត៌មានដើម្បីផ្លាស់ប្តូរ ឬលះបង់សំបុត្រនៅថ្ងៃទី៧ ខែឧសភា យោងតាមបណ្តាញព័ត៌មានគាំទ្រក្រឹមឡាំង Careful, Moscow។

ទីភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសរបស់រុស្ស៊ីក៏បានព្រមានអំពីការពន្យារពេលហោះហើរនៅទូទាំងតំបន់កណ្តាលនៃប្រទេសរុស្ស៊ី “ដោយសារការមកដល់យឺតយ៉ាវនៃយន្តហោះនៅព្រលានយន្តហោះដើមដែលជាគោលដៅ”។

លោកប្រធានាធិបតីចិន ស៊ី ជីនភីង ត្រូវមកដល់រុស្ស៊ីនៅថ្ងៃទី៧ ខែឧសភា សម្រាប់ទស្សនកិច្ចរហូតដល់ថ្ងៃទី១០ ខែឧសភា។ លោកមានគម្រោងជួបជាមួយលោកពូទីនដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ទំនាក់ទំនងរុស្ស៊ី-អាមេរិក និងកិច្ចសហប្រតិបត្តិការថាមពល។

ភ្ញៀវដែលរំពឹងទុកផ្សេងទៀតរួមមានលោកប្រធានាធិបតីប្រេស៊ីល លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា និងលោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី រ៉ូបឺត ហ្វីកូ ប៉ុន្តែការចូលរួមរបស់លោកហ្វីកូនៅមិនទាន់ច្បាស់លាស់ដោយសារជំងឺ។

អ៊ុយក្រែនបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារទីក្រុងម៉ូស្គូដោយដ្រូនពីមុនមកហើយ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារពិធីជ័យជម្នះ លោកពូទីនបានប្រកាសការឈប់បាញ់ “មនុស្សធម៌” ឯកតោភាគីចាប់ពីថ្ងៃទី៨ ខែឧសភា រហូតដល់អាធ្រាត្រនៅថ្ងៃទី១១ ខែឧសភា។

លោកហ្សេឡេនស្គីបានចាត់ទុកសកម្មភាពនេះថាជា “ការសម្តែងលោ្ខន” ហើយអ្នកជំនាញបានប្រាប់សារព័ត៌មាន Kyiv Independent ថា ការប្រកាសឯកតោភាគីបែបនេះផ្ទុយពីរបៀបចរចាការឈប់បាញ់ដែលស្របច្បាប់។

លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយនៅថ្ងៃទី៣ ខែឧសភា ថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មន្ត្រីបរទេសដែលមានគម្រោងចូលរួមព្រឹត្តិការណ៍ថ្ងៃជ័យជម្នះនៅរុស្ស៊ីបានទេ។

មេដឹកនាំពិភពលោកយ៉ាងហោចណាស់ ២៩ រូប និងបុគ្គលិកយោធាមកពី ១៣ ប្រទេស ត្រូវបានរំពឹងថានឹងចូលរួមក្នុងការប្រារព្ធពិធីដង្ហែក្បួន៕

ប្រភព៖​ Kyiv independent