ដោយ៖ សហការី

ភ្នំពេញ: បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកនារីម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តបើកបត់ត្រឡប់ក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតកនុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅលើសាកសពជនរងគ្រោះមិនមានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ត្រូវបានផ្នែកជំនាញវេចខ្ចប់ដាក់លើរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តកប់ស្រូវបណ្ដោះអាសន្នសិន។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក STAREX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ស្ទឹងត្រែង 2B-9400បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើត។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបួងចង្កូតបត់ត្រឡប់ក្រោយបានបន្តិច ភ្លាមនោះដែរស្រាប់តែគេឃើញមានម៉ូតូម៉ាកហុងដាឌ្រីមសង់២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1FC-9851 ជិះដោយបុរសម្នាក់និងមានឌុបនារីម្នាក់ទៀតពីក្រោយធ្វើដំណើរស្របទិសគ្នាពីកើតមកលិចយ៉ាងលឿនដោយអកហ្សឺជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យដួលផ្លោងអូសទៅចិញ្ចើមផ្លូវម្ខាងទៀតបណ្ដាលឲ្យជនរងគ្រោះអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកឯនារីម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរត្រូវបានពលរដ្ឋនាំគ្នាលើកដាក់លើម៉ូតូកង់បីដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ថិ៍នគបាលសង្កាត់ចោមចៅទី១សួរនាំបន្ត។
ក្រោយកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តកប់ស្រូវបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
