ប្រែសម្រួល៖សហការី

ជាការជំរុញសមត្ថភាពវាយប្រហាររបស់ទីក្រុងគីវ បារាំងបានប្រកាសថាខ្លួននឹងផលិតគ្រាប់បែកប្រភេទ AASM Hammer ចំនួន ១.២០០ គ្រាប់សម្រាប់អ៊ុយក្រែនក្នុងឆ្នាំ ២០២៥។
គ្រាប់បែករំអិលនេះបានក្លាយជាផ្នែកសំខាន់នៃកម្លាំងយោធារបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន ដោយអនុញ្ញាតឱ្យបញ្ជូនគ្រាប់ជើងធំដែលមានអានុភាពខ្លាំងក្នុងតម្លៃទាបបើធៀបនឹងប្រសិទ្ធភាព។
AASM Hammer គឺជាម៉ូដែលទំនើបរបស់លោកខាងលិចមួយក្នុងចំណោមគ្រាប់បែកទំនើបជាច្រើន ហើយត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែនរួចមកហើយប្រកបដោយប្រសិទ្ធភាពខ្ពស់។
“អ្នកបើកយន្តហោះនៃកងកម្លាំងយោធាអាកាសអ៊ុយក្រែននិយាយយ៉ាងវិជ្ជមានអំពីអាវុធនេះ” លោក វីកទ័រ កែវលៀក អតីតមន្ត្រីយោធានិងអ្នកជំនាញផ្នែកការពារជាតិ បានប្រាប់កាសែត Kyiv Independent។
- តើអ្វីជាគ្រាប់បែករំអិល?
គ្រាប់បែករំអិលគឺជាគ្រាប់បែកស្តង់ដារដែលទម្លាក់ពីលើអាកាស ដែលត្រូវបានកែប្រែជាមួយស្លាប និងប្រព័ន្ធថ្មីមួយដែលអនុញ្ញាតឱ្យវាត្រូវបានបាញ់ចេញពីចម្ងាយជាជាងបាញ់ដោយផ្ទាល់ពីលើគោលដៅ។
វាមិនមែនជាបច្ចេកវិទ្យាថ្មីទេ ហើយបានចាប់ផ្តើមតាំងពីសង្គ្រាមលោកលើកទី ២ មកម្ល៉េះ — គ្រាប់បែក Fritz X របស់អាល្លឺម៉ង់គឺជាគ្រាប់បែករំអិលប្រភេទដំបូងបង្អស់ ដែលមានទម្ងន់ ១.៥៦០ គីឡូក្រាម អាចទម្លុះស្រទាប់ការពារ ដែលមានបំពាក់ឧបករណ៍ទទួលរលកវិទ្យុ និងត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ប្រឆាំងនឹងនាវាចម្បាំងដែលមានការការពារ។
ប្រទេសផ្សេងទៀតបានអភិវឌ្ឍន៍កំណែរបស់ពួកគេផ្ទាល់ ហើយគ្រាប់បែកប្រភេទនេះត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងជម្លោះនានា រួមទាំងសង្គ្រាមវៀតណាម អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
ការកែប្រែគ្រាប់បែកធម្មតា ឬ “គ្រាប់បែកល្ងង់” ដែលគ្មានប្រព័ន្ធណែនាំ ទៅជាគ្រាប់បែកឆ្លាតវៃអាចមានតម្លៃតិចជាង ២០.០០០ ដុល្លារ ធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាបតម្លៃបើធៀបនឹងមីស៊ីលតាមដាន និងមីស៊ីលបាលីស្ទិកដែលចំណាយរាប់លានដុល្លារក្នុងការផលិត៕
ប្រភព៖ Kyiv independent
