អន្តរជាតិ

ប្រធានាធិបតីហ្សេឡិនស្គីបានឱ្យដឹងថាឧទ្ធម្ភាគចក្រយោធារុស្ស៊ីទីពីរត្រូវបានបំផ្លាញក្នុងរយៈពេល២៤ម៉ោង

ប្រែសម្រួល៖សហការី

លោកប្រធានាធិបតីវ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានបញ្ជាក់នៅថ្ងៃទី៣ ខែឧសភា ថាកងទ័ពអ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងទៀតក្នុងរយៈពេល២៤ម៉ោង ដោយបានវាយប្រហារទៅលើអាកាសយានដ្ឋានយោធាក្នុងតំបន់ឃ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីការទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-30 មួយគ្រឿងកាលពីថ្ងៃទី៣ ខែឧសភា ដោយដ្រូនសមុទ្រ នេះបើតាមការបញ្ជាក់របស់អង្គភាពស៊ើបការណ៍យោធាអ៊ុយក្រែន (HUR)។ ការវាយប្រហារនេះគឺជា “ការបំផ្លាញយន្តហោះចម្បាំងលើកដំបូងក្នុងពិភពលោកដោយដ្រូនសមុទ្រ” តាមការអះអាងរបស់ HUR។

យន្តហោះចម្បាំង Su-30 ដែលមានតម្លៃប្រមាណ៥០លានដុល្លារអាមេរិក ត្រូវបានរាយការណ៍ថាត្រូវបានបាញ់ត្រូវក្នុងពេលហោះហើរ និងបានធ្លាក់ចូលទៅក្នុងសមុទ្រ។

លោកហ្សេឡិនស្គីបានឲ្យដឹងនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា “ខ្ញុំសូមថ្លែងអំណរគុណដល់កងកម្លាំងយើងដែលកំពុងបង្កើនសមត្ថភាពវាយប្រហាររយៈឆ្ងាយរបស់អ៊ុយក្រែន ទាំងនៅលើមេឃ និងនៅក្នុងសមុទ្រ។ ការទម្លាក់យន្តហោះយោធារុស្ស៊ីដោយដ្រូនសមុទ្ររបស់យើងគឺជាការបង្ហាញដ៏អស្ចារ្យមួយអំពីសមត្ថភាពរបស់អ៊ុយក្រែន”។

ប្រធានាធិបតីមិនបានផ្តល់ព័ត៌មានបន្ថែមអំពីយន្តហោះដែលត្រូវបានបំផ្លាញថ្មីនេះទេ គ្រាន់តែបន្ថែមថាឃ្លាំងយោធាក៏ត្រូវបានបំផ្លាញផងដែរក្នុងការវាយប្រហារនោះ។ កងទ័ពអ៊ុយក្រែនមិនបានចេញផ្សាយជាសាធារណៈនូវព័ត៌មានលម្អិតអំពីការវាយប្រហារនេះទេ។

អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់ទៅកាន់តំបន់ឃ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីនៅថ្ងៃទី៣ ខែឧសភា ដោយកងទ័ពអាកាសរុស្ស៊ីអះអាងថាបានទប់ស្កាត់ដ្រូនចំនួន៨៩គ្រឿងនៅលើតំបន់នោះ ព្រមទាំងដ្រូន២៣គ្រឿងទៀតនៅលើសមុទ្រខ្មៅ។

អ៊ុយក្រែនតែងតែបើកការវាយប្រហារដោយដ្រូននិងមីស៊ីលទៅកាន់តំបន់ឃ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី ជាតំបន់ដែលទីក្រុងម៉ូស្គូបានដណ្តើមយកដោយខុសច្បាប់នៅក្នុងអំឡុងពេលបដិវត្តន៍អឺរ៉ូម៉ៃដានឆ្នាំ២០១៤៕

ប្រភព៖Kyiv independent