ប្រែសម្រួល៖ សហការី

រូបភាពបង្កើតឡើងដោយ AI របស់ប្រធានាធិបតី Trump ស្លៀកពាក់ដូចសម្តេចប៉ាប កំពុងបំបែកអ៊ីនធឺណិត ដោយមានអ្នកខ្លះលើកឡើងថាវា “មានភាពស្រស់ស្អាត” ខណៈអ្នកផ្សេងទៀតរិះគន់ថាវាជាការ “ប្រមាថសាសនា”យ៉ាងធ្ងន់ធ្ងរ។
រូបភាពសម្តេចប៉ាបដែលមានមុខដូចលោក Trump ត្រូវបានចែករំលែកដោយលេងសើចនៅលើគណនី X របស់សេតវិមាន កាលពីថ្ងៃសុក្រ ហើយគណនី Truth Social របស់ប្រធានាធិបតីបានទទួលការមើលរាប់សិបលាននាក់។
រូបភាពនោះបង្ហាញពីលោក Trump លើកម្រាមដៃឡើងហាក់ដូចជាកំពុងត្រៀមធ្វើធម្មទេសនា — ស្លៀកពាក់សម្លៀកបំពាក់កាតូលិកពណ៌សច្បាស់បែបប្រពៃណីដែលមានគម្របពណ៌មាស។
“ឃើញហើយជឿ! រូបភាពមួយមានតម្លៃស្មើនឹងពាក្យមួយពាន់ម៉ាត់” នេះជាការលើកទឹកចិត្តពីសមាជិកព្រឹទ្ធសភា Lindsey Graham (ក្រុមសាធារណរដ្ឋ-រដ្ឋ South Carolina) ជាអ្នកកាន់សាសនា Southern Baptist ក្នុងការឆ្លើយតបនៅលើ X។
“រីករាយនឹងរាយការណ៍ថាមានការទទួលយកយ៉ាងវិជ្ជមាន និងសន្ទុះខ្លាំងសម្រាប់ប្រធានាធិបតី Trump ក្នុងការក្លាយជាសម្តេចប៉ាបបន្ទាប់” លោកបានលេងសើចអំពីប្រធានាធិបតី ដែលជាគ្រិស្តសាសនិកមិនចំណុះនិកាយណាមួយ ហើយមិនមានសិទ្ធិក្លាយជាសម្តេចប៉ាបបានទេ លើកលែងតែលោកប្តូរមកកាន់សាសនាកាតូលិក។
“ប៉ុន្តែខ្ញុំនឹងជាអ្នកដំបូងគេដែលទទួលស្គាល់ថាមានការប្រឆាំងខ្លះ! ត្រូវតែបន្ទាបក្បាលនិងបន្តទៅមុខ — មិនអាចទុកឱ្យអ្នករិះគន់ឈ្នះបានទេ។ សប្តាហ៍ក្រោយជាពេលសំខាន់ពេលសមាជសម្តេចប៉ាបជួបប្រជុំគ្នា…. នឹងមានការអាប់ដេតបន្ថែមទៀត!”
អ្នកផ្សេងទៀតបានចូលរួមជាមួយការប្រកាសគាំទ្រ។
អ្នកនិពន្ធអភិរក្សនិយម Rod Dreher បានបង្កើតslogan(ពាក្យស្លោក)ថ្មីមួយ។
“អ៊ីចឹង ហេតុអ្វីមិនធ្វើ? ‘ធ្វើឱ្យរ៉ូមក្លាយជា Borgia ម្តងទៀត’ មិនអាក្រក់ពេកទេបន្ទាប់ពីសម្តេចប៉ាប Francis ដែលរាបសារ។ វាអាចនាំឱ្យមានការចាប់ផ្តើមថ្មី ក្នុងព្រះវិហារ” លោកបានសរសេរនៅលើ X។
“ខ្ញុំមិនប្រាកដទាំងស្រុងថាលោក Trump បានធ្វើរឿងនេះដោយខ្លួនឯងឬអត់ទេ ប៉ុន្តែប្រសិនបើលោកបានធ្វើ លោកទើបតែធ្វើឱ្យក្រុមឆ្វេងនិយមការពារសាសនា ហើយវាមានភាពស្រស់ស្អាត” អ្នកផ្សេងទៀតបានសរសេរ។
ប៉ុន្តែសន្និសីទកាតូលិករដ្ឋញូវយ៉ក និងសមាជិកផ្សេងទៀតនៃជំនឿបានរិះគន់សេតវិមានចំពោះ “ការប្រមាថនិងលេងសើចចំអកឡកឡឺយ” នេះ។
“គ្មានអ្វីឆ្លាតវៃឬកំប្លែងអំពីរូបភាពនេះទេ លោកប្រធានាធិបតី” អភិបាលព្រះវិហារកាតូលិកនៃរដ្ឋ Empire State បានរិះគន់ប្រធានាធិបតី។
“យើងទើបតែបញ្ចុះសពសម្តេចប៉ាប Francis ជាទីស្រឡាញ់របស់យើង ហើយក្រុមកាឌីណាល់កំពុងរៀបចំចូលក្នុងសមាជទោសព្រះដើម្បីជ្រើសរើសអ្នកបន្តវេនថ្មីនៃសន្តពេត្រុស។ កុំចំអកឡកឡឺយពួកយើង។”
“លោកប្រធានាធិបតី (@realDonaldTrump) — សូមបញ្ឈប់ឥរិយាបថដែលប្រមាថនិងមិនគោរពសាសនានេះ” នេះជាសំណូមពររបស់ Joshua Charles អ្នកសរសេរសុន្ទរកថារបស់អតីតអនុប្រធានាធិបតី Mike Pence។
Eric Sammons ជាកាតូលិកនិងជានិពន្ធនាយកនៃទស្សនាវដ្តី Crisis បាននិយាយថាលោកមិនមានអារម្មណ៍ប្រមាថទេ។
“វាជាកំប្លែងរបស់លោក Trump ធម្មតា ហើយខ្ញុំបានរៀនមិនយកចិត្តទុកដាក់ខ្លាំងពេកចំពោះវា” លោក Sammons បាននិយាយ។
“ខ្ញុំបារម្ភកាន់តែខ្លាំងអំពីរបៀបដែលអ្នកកាន់តំណែងក្នុងការិយាល័យនៅបុរីវ៉ាទីកង់អាចបន្ទាបបង្អាប់ការិយាល័យ។”
លោក Trump អាយុ ៧៨ ឆ្នាំ បានហោះហើរជាមួយលោកជំទាវទីមួយ Melania Trump ទៅកាន់ពិធីបុណ្យសពសម្ដេចប៉ាបកាលពីថ្ងៃសៅរ៍ ដែលនៅទីនោះលោកបានរៀបចំកិច្ចប្រជុំពិសេសដែលមិនបានគ្រោងទុកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលការចរចាបញ្ចប់សង្គ្រាមរបស់ Kiev ជាមួយរុស្ស៊ីដែលមានរយៈពេលជាងបីឆ្នាំ។
អ្នកស៊ើបអង្កេតអ៊ីនធឺណិតកាតូលិកម្នាក់បាននិយាយថា លោក Trump ហាក់ដូចជាកំពុងរីករាយនឹងការលើកដៃសន្តិភាពទៅកាន់អ្នកមកទទួលបុណ្យសពនៅក្នុងទីលាននៅក្នុងបុរីវាទីកង់។
សមាជសម្តេចប៉ាបដើម្បីជ្រើសរើសសម្តេចប៉ាបថ្មីត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៧ ខែឧសភា ដោយកាឌីណាល់រដ្ឋលេខាធិការវ៉ាទីកង់ Pietro Parolin អាយុ ៧០ ឆ្នាំ បច្ចុប្បន្នជាបេក្ខជនដែលត្រូវបានគេរំពឹងថានឹងជំនួសសម្តេចប៉ាប Francis។
កាឌីណាល់ហ្វីលីពីន Luis Antonio Tagle អាយុ ៦៧ ឆ្នាំ ស្ថិតក្នុងលំដាប់ទីពីរយ៉ាងជិតស្និទ្ធ បន្ទាប់មកគឺកាឌីណាល់ហ្គាណា Peter Turkson អាយុ ៧៦ ឆ្នាំ ដែលអាចក្លាយជាសម្តេចប៉ាបអាហ្វ្រិកដំបូងគេ។
សម្តេចប៉ាប Francis បានទទួលមរណភាពបន្ទាប់ពីការប្រយុទ្ធយូរអង្វែងជាមួយជំងឺរលាកសួតទ្វេ នៅថ្ងៃទី ២១ ខែមេសា។
អនុប្រធានាធិបតី JD Vance បានជួបជាមួយសម្តេចប៉ាបអាយុ ៨៨ ឆ្នាំ នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទ័រមុនពេលមរណភាព ហើយបានចែករំលែកការគោរពដោយភាពរំជើបរំជួលបន្ទាប់ពីការស្លាប់របស់ទ្រង់។
“ខ្ញុំសប្បាយចិត្តដែលបានជួបទ្រង់កាលពីម្សិលមិញ ទោះបីជាទ្រង់ឈឺធ្ងន់ចំៗក៏ដោយ។ ប៉ុន្តែខ្ញុំនឹងនឹកចាំទ្រង់ជានិច្ចចំពោះធម្មទេសនាខាងក្រោមដែលទ្រង់បានថ្លែងនៅដំណាក់កាលដំបូងនៃជំងឺកូវីដ។ វាពិតជាស្រស់ស្អាតណាស់។ សូមព្រះអង្គគង់ប្រថាប់ក្នុងសុគតិភព” លោក Vance បាននិយាយ។
សម្តេចប៉ាបបានប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក Trump កាលពីដើមឆ្នាំនេះ ដោយហៅវាថាជា “វិបត្តិសំខាន់” ប៉ុន្តែការជួបរបស់ទ្រង់ជាមួយលោក Vance មានភាពកក់ក្តៅ។ ព្រះអង្គបានប្រទានពងអាំងប៉ាស្កាបីដល់កូនៗរបស់អនុប្រធានាធិបតីទៀតផង។
លោក Vance ដែលជាកាតូលិក បានការពារការលេងសើចនេះ។ “ជាទូទៅ ខ្ញុំគាំទ្រឱ្យមនុស្សនិយាយលេងសើច ហើយមិនគាំទ្រឱ្យមនុស្សចាប់ផ្តើមសង្គ្រាមឥតប្រយោជន៍ដែលសម្លាប់ប្រជាជនរបស់ខ្ញុំរាប់ពាន់នាក់” លោកបានសរសេរនៅលើ X៕
