ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ចែកអំណោយដល់ប្រជាពលរដ្ធ​រងគ្រោះ​ ដោយខ្យល់​ កន្រ្តាក់​នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ” ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក​ ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច​ ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ ” ។

នេះជាការលើកឡើង​ របស់លោក អ៊ំុ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់​ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៩-៣០ខែមេសាឆ្នាំ២០២៥ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ​ នៅក្នុងស្រុកភ្នំស្រុកនិង៤គ្រួសារទៀតនៅក្នុងស្រុកព្រះនេត្រព្រះ។

លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកនិងលោកហឿន វីរ: អភិបាលស្រុកព្រះនេត្រព្រះ។

លោក អ៊ំុ រាត្រី​ មានប្រសាសន៍ថា​ រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ​ កៀងគរ ពីសប្បុរសជននានា​ តាមរយៈកាកបាទក្រហមខេត្ត​ សម្រាប់ធ្វើជាទុន​ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ​ និងងាយរងគ្រោះ។
ជាមួយនោះការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។

លោក អ៊ំុ.រាត្រីបានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍​ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងការពង្រឹងភាពជាម្ចាស់​ ទាំង​ សមត្ថភាព​ទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ​ ទៅនឹងភាពងាយរងគ្រោះនិង បញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ។
ក៏សូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ​ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះ ។

អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ​ ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួួរ​ ទឹកត្រី១យួរ​ ឃីត១មួយកញ្ចប់និងថវិកាមួយចំនួន៕