សន្ដិសុខសង្គម

យុវជនម្នាក់ត្រូវរថយន្តបុកស្លាប់នៅលើដងផ្លូវជាតិលេខ៣១យ៉ាងអាណោចអាធ័ម

កំពតៈ យុវជនម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មពេលដេកនៅលើដងផ្លូវជាតិលេខ៣១។ ហេតុការណ៍នេះបានកើតឡើងនៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច កាលពីម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះក្នុងករណីខាងលើឈ្មោះ លឹម តក់ អាយុ ៣១ឆ្នាំ មានទីលំនៅភូមិច្រនៀងទេរ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៣០ ខែមេសា មានរថយន្តមួយគ្រឿងបានបុកបុរសម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

មុនគ្រោះថ្នាក់កើតឡើង គេឃើញយុវជនរងគ្រោះបានដើរលើផ្លូវជាតិលេខ៣១ក្នុងទិសដៅពីជើងទៅត្បូង ហើយដាក់ខ្លួនដេកលើផ្លូវត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-៥១។ ស្របពេលនោះ ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងបើកមកពីក្រោយបានបុកពេញទំហឹងបណ្តាលឲ្យយុវជនរូបនោះស្លាប់នៅនឹងកន្លែង។ ភ្លាមៗ រថយន្តក៏បង្កើនល្បឿនបើកគេចបាត់តែម្តង។