ប្រែសម្រួល៖ រតនា

សេអ៊ូល៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងកាលពីថ្ងៃពុធ (ថ្ងៃទី៣០ ខែមេសា) បានឆ្មក់ចូលផ្ទះរបស់អតីតប្រធានាធិបតីប្រទេស ដូចបានរាយការណ៍ដោយសារព័ត៌មាន យ៉ុនហាប់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតអំពីពាក់ព័ន្ធទៅនឹងគ្រូមន្តអាគមដែលត្រូវបានចោទប្រកាន់ថាបានទទួលអំណោយដ៏មានតម្លៃ។
អតីតប្រធានាធិបតី យូន ស៊ុកយុល ត្រូវបានដកហូតអំណាចនិងឯកសិទ្ធិទាំងអស់កាលពីដើមខែនេះដោយតុលាការរដ្ឋធម្មនុញ្ញ ក្រោយពីការប្រកាសច្បាប់អាជ្ញាសឹកដ៏អាក្រក់របស់លោកកាលពីថ្ងៃទី៣ ខែធ្នូ។
លោកត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានប្រធានាធិបតី និងចូលទៅរស់នៅផ្ទះដែលលោកបានស្នាក់នៅយូរមកហើយក្នុងស្រុកសេអូឈូនៃទីក្រុងសេអ៊ូល។
ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៃកូរ៉េខាងត្បូងបាននិយាយថា ការឆ្មក់ឆែកផ្ទះរបស់លោក យូន គឺ “ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនទៅលើការសង្ស័យផ្សេងៗទាក់ទងនឹងទំនាក់ទំនងរវាងគ្រួសាររបស់លោកនិងគ្រូមន្តអាគមដែលមានការចម្រូងចម្រាស”។
គ្រូមន្តអាគម ជុន សឹងបេ ត្រូវបានចោទប្រកាន់ថាបានទទួលខ្សែកពេជ្រ កាបូបប្រណិត និងឫសគល់ស៊ាន់សឹម (ថ្នាំបុរាណដែលមានតម្លៃរាប់ពាន់ដុល្លារ) ពីមន្ត្រីជាន់ខ្ពស់នៃក្រុមព្រះវិហារយូនីហ្វីខេសិន ហើយបានប្រគល់វាទៅឱ្យភរិយារបស់លោក យូន គឺលោកស្រី គីម គុននី។
ជុន បានអះអាងថា លោកបានធ្វើឱ្យបាត់អំណោយទាំងនោះ ហើយមិនដែលប្រគល់វាទៅឱ្យលោកស្រី គីម ទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋអាជ្ញាបានទទួលសារជាអក្សរពីមន្ត្រីនៃក្រុមព្រះវិហារដែលត្រូវបានគេស្គាល់ផងដែរថាជាក្រុមមូនី ដែលទាមទារឱ្យលោក “ប្រគល់ខ្សែកត្រឡប់មកវិញ”។
រដ្ឋអាជ្ញាក៏កំពុងព្យាយាម “ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការប្រគល់អំណោយដែលបានចោទប្រកាន់” និងស្វែងរកថាតើគេធ្លាប់បានទទួលអំណោយទាំងនោះឬយ៉ាងណា ហើយទីភ្នាក់ងារយ៉ុនហាប់បានបន្ថែម។
ទាំងលោក យូន និងលោកស្រី គីម ក៏បានប្រឈមនឹងការរិះគន់ផងដែរចំពោះទំនាក់ទំនងដែលបានចោទប្រកាន់ជាមួយគ្រូមន្តអាគមម្នាក់ទៀត ដោយអ្នករិះគន់បានអះអាងថា លោក យូន បានផ្លាស់ទីការិយាល័យប្រធានាធិបតីនៅដើមអាណត្តិរបស់លោកក្នុងឆ្នាំ២០២២ ដោយផ្អែកលើជំនឿអំពីវិជ្ជាគ្រូមន្តអាគម។
លោកស្រី គីម ក៏ត្រូវបានសាកសួរកាលពីឆ្នាំមុនផងដែរ ចំពោះការចោទប្រកាន់អំពីការក្លែងបន្លំភាគហ៊ុន និងអំពើពុករលួយ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូដែលថតដោយប្រើកាមេរ៉ាលាក់កំបាំង បង្ហាញពីអតីតជំទាវទី១ទទួលកាបូបម៉ាកប្រណិតតម្លៃ២.២០០ដុល្លារអាមេរិក។
រឿងអាស្រូវនេះបានប៉ះពាល់ដល់អត្រាគាំទ្រដែលទាបស្រាប់របស់លោក យូន ដែលកាលនោះជាប្រធានាធិបតី ដែលរួមចំណែកនាំឱ្យបក្សរបស់លោកបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតទូទៅកាលពីខែមេសាឆ្នាំមុន ដោយមិនបានឈ្នះសំឡេងភាគច្រើនក្នុងសភា។
ក្រោយមក លោកបានអះអាងអំពីការក្លែងបន្លំការបោះឆ្នោត និងភាពទំនើបក្នុងនីតិបញ្ញត្តិដើម្បីធ្វើយុត្តិកម្មសម្រាប់កិច្ចខិតខំប្រឹងប្រែងរយៈពេលខ្លីរបស់លោកក្នុងការព្យួរការគ្រប់គ្រងស៊ីវិល៕
ប្រភព៖ ទីភ្នាក់ងារ/ec/lh
