បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota និង Waymo សិក្សាការសហការគ្នាដើម្បីបង្កើនល្បឿនបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ

ប្រែសម្រួល៖ លន​ ស្រស់

តូក្យូ៖ ក្រុមហ៊ុន Toyota Motor និង Waymo របស់ក្រុមហ៊ុន Alphabet បាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងសិក្សាការសហការគ្នាលើការអភិវឌ្ឍវេទិកាយានយន្តស្វ័យប្រវត្តិថ្មីមួយ និងវិធីដើម្បីពង្រឹងយានយន្តជំនាន់ក្រោយដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន (POVs)។

Toyota នឹងសាងសង់វេទិកានេះ ដែលនឹងត្រូវដាក់ពង្រាយនៅក្នុងក្រុមរថយន្តស្វ័យភាពរបស់ Waymo។ នេះបើតាមអ្នកនាំពាក្យរបស់ Waymo។ ក្រុមហ៊ុនទាំងពីរក៏នឹងស្វែងរកវិធីដើម្បីប្រើប្រាស់បច្ចេកវិទ្យា AV របស់ Waymo សម្រាប់យានយន្តជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ Toyota ផងដែរ ហើយអ្នកនាំពាក្យរូបនោះបានបន្ថែម។

“ក្រុមហ៊ុនទាំងពីរមានគោលបំណងបន្តពន្លឿនការអភិវឌ្ឍ និងការទទួលយកបច្ចេកវិទ្យាជំនួយអ្នកបើកបរ និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិសម្រាប់យានយន្តជាកម្មសិទ្ធិផ្ទាល់ខ្លួន” នេះជាសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុន Toyota និង Waymo។

ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេនឹងពិភាក្សាអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដោយបន្ថែមថា អង្គភាពបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ Toyota គឺ Woven by Toyota នឹងចូលរួមក្នុងកិច្ចសហការដែលអាចកើតមាននេះ។

Waymo កំពុងផ្តោតលើការពង្រីកវត្តមានរបស់ខ្លួនតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តដូចជា Hyundai និង Zeekr និងក្រុមហ៊ុនផ្សេងទៀតដូចជាក្រុមហ៊ុនហៅតាក់ស៊ី Uber។ គម្រោងជាមួយ Hyundai និង Zeekr នៅតែបន្តដំណើរការដដែល នេះបើតាមអ្នកនាំពាក្យរូបនោះ។

លោក Sundar Pichai នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alphabet បាននិយាយកាលពីសប្តាហ៍មុនថា មនុស្សអាចនឹងជាម្ចាស់តាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ Waymo នាពេលអនាគត។

កាលពីដើមខែនេះ Waymo ដែលបានបំបែកចេញពី Google នៅឆ្នាំ 2016 បានចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងទីក្រុងតូក្យូ ជាមួយនឹងការធ្វើដំណើរសាកល្បងដែលដំណើរការដោយអ្នកបើកបរមនុស្ស ដើម្បីកំណត់ផែនទីតំបន់សំខាន់ៗនៃរាជធានីជប៉ុន និងទទួលបានការយល់ដឹងកាន់តែប្រសើរអំពីហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងលំនាំនៃការបើកបរ។

Woven by Toyota កំពុងអភិវឌ្ឍវេទិកាសូហ្វវែរយានយន្តមួយឈ្មោះ Arene និងកំពុងបង្កើតទីតាំងសាកល្បងឈ្មោះ Woven City សម្រាប់ប្រព័ន្ធ និងសេវាកម្មទាក់ទងនឹងចលនានៅក្នុងខេត្ត Shizuoka ភាគខាងលិចនៃទីក្រុងតូក្យូ៕

ប្រភព៖ Reuters