សេដ្ឋកិច្ច

វេជ្ជបណ្ឌិតជំនាញតម្រងនោមសិង្ហបុរី៖ ប្រញាប់ពិនិត្យសុខភាព និងផ្លាស់ប្តូររបៀបរស់នៅ អាចជួយការពារជំងឺទឹកនោមផ្អែម

ដោយៈសិរីមតី

ភ្នំពេញ៖«ប្រជាជនកម្ពុជាត្រូវតែស្វែងរកការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងទទួលយករបៀបរស់នៅដែលមានសុខភាពល្អជាងមុន ដើម្បីការពារការវិវត្តនៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់វាទៅលើតម្រងនោម»។នេះជាសាររបស់លោកវេជ្ជបណ្ឌិតគ្រីស្តូហ្វើ លីវ( Christopher Leo) ទីប្រឹក្សាជាន់ខ្ពស់ និងអ្នកជំនាញខាងសរសៃប្រសាទនិងតម្រងនោម។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារពត៌មានកម្ពុជានៅខាងក្រៅសន្និសីទពាក់កណ្តាលឆ្នាំលើកទី៣ ស្តីពី “នាវានុវត្តន៍នៃការព្យាបាលលើផលវិបាកសសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត”ដែលរៀបចំដោយសមាគមបច្ចេកវិទ្យាជំងឺទឹកនោមផ្អែមនិងក្រពេញ (CADET)កាលពីចុងសប្តាហ៍ នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លីវ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រុងប្រយ័ត្នចំពោះក្រុមជំងឺដែលមានហានិភ័យខ្ពស់។

គួរជម្រាបថា៖សន្និសីទស្តីពីជំងឺទឹកនោមផ្អែមកាលពីចុងសប្តាហ៍មុននេះ មានគោលបំណងធ្វើការបណ្តុះបណ្តាលបន្ថែមនូវការយល់ដឹងនិងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការធ្វើរោគវិនិច្ឆ័យ វិធីសាស្ត្រក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលដោយនវានុវត្តន៍ទៅលើផលវិបាកនៃជំងឺទឹកនោមផ្អែម និងការព្យាបាលលើជំងឺក្រពេញទីរ៉ូអ៊ីត។ សន្និសីទបានប្រមូលផ្តុំដោយគ្រូពេទ្យឯកទេសមកពីប្រទេសសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ដែលមានបទពិសោធន៍ ក្នុងការព្យាបាលជំងឺទឹកនោមផ្អែមនិងក្រពេញ ផ្នែកតម្រងនោម ផ្នែកអាហារូបត្ថម្ភ ផ្នែកចក្ខុរោគវិទ្យា ផ្នែកត្រចៀកច្រមុះបំពង់ក ផ្នែកវិទ្យុសាស្ត្រ និងជំងឺមហារីកព្រមទាំងមានការធ្វើបទបង្ហាញពីសំណាក់ក្រុមគ្រូពេទ្យឯកទេសដែលផ្ដោតលើប្រធានបទសំខាន់ៗ ជុំវិញការគ្រប់គ្រងបច្ចុប្បន្នភាពជំងឺទឹកនោមផ្អែម រួមទាំងក្រពេញទីរ៉ូអ៊ីត និងនវានុវត្តក្នុងការព្យាបាលប្រកបដោយវិជ្ជាជីវៈផងដែរ។

ទាក់ទងនឹងជំងឺទឹកនោមផ្អែមនេះ លោកវេជ្ជបណ្ឌិត លីវ បានមានប្រសាសន៍ថា៖ «រឿងដំបូងដែលត្រូវធ្វើគឺត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេល ដើម្បីយើងអាចរកឃើញជំងឺនៅដំណាក់កាលដំបូង ហើយសង្ឃឹមថានឹងព្យាបាលវាជា ។ក្នុងការព្យាបាលនោះយើងអាចពន្យឺតដំណើរជំងឺតម្រងនោមបាន»។

លោកវេជ្ជបណ្ឌិត បានលើកឡើងថា៖ប្រសិនបើនរណាម្នាក់មានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែមរួចហើយ នោះរឿងដែលត្រូវធ្វើជាមុនគេគឺត្រូវមានរបៀបរស់នៅកាន់តែប្រសើរឡើង ដូចជាកាត់បន្ថយការទទួលទានជាតិស្ករ ហូបឱ្យបានល្អ និងធ្វើលំហាត់ប្រាណឱ្យបានច្រើន”។

វេជ្ជបណ្ឌិត Leo ដែលទទួលលបន្ទុក ខាងវិភាគនិងសេវាប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យ Raffles ក្នុងប្រទេសសិង្ហបុរី នៅក្នុងសន្និសីទបានធ្វើបទបង្ហាញុមួយ ស្តីពីការជំរុញការថែទាំជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD) ជាពិសេសក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម ដោយផ្តោតលើការប្រើប្រាស់ថ្នាំ non-steroidal mineralocorticoid ។ ប្រធានបទនេះលោកគិតថាវាសំខាន់ ដោយសារបច្ចុប្បន្ននេះជំងឺតម្រងនោមជំងឺទឹកនោមផ្អែម មានការកើនឡើងកួរឱ្យកត់សម្គាល់»។

ខណៈដែលលោកបានកត់សម្គាល់ថា ជំងឺទឹកនោមផ្អែមជាមូលហេតុនាំឲ្យមានជំងឺខ្សោយតម្រងនោមនៅទូទាំងពិភពលោក លោកវេជ្ជបណ្ឌិត Leo បានចង្អុលបង្ហាញថា ទិន្នន័យជាក់លាក់ចំពោះប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ។

លោកបានពន្យល់ថា “អ្នកជំងឺជាច្រើននៅជុំវិញពិភពលោកមានជំងឺទឹកនោមផ្អែម ហើយនៅទីបំផុតអាចវិវត្តទៅជាជំងឺតម្រងនោម ក៏ដូចជាជំងឺតម្រងនោមដំណាក់កាលចុងក្រោយ” ។

លោកបានព្រមានថា អ្នកជំងឺភាគច្រើនដែលកើតជំងឺតម្រងនោមមិនបង្ហាញរោគសញ្ញាទេ រហូតទាល់តែជំងឺមានការវិវត្តន៍ខ្លាំង។ ភាគច្រើន ពួកគេមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែប្រសិនបើពួកគេបានទៅជួបគ្រូពេទ្យ ហើយពួកគេធ្វើតេស្តឈាម និងធ្វើតេស្តទឹកនោម ជាពិសេសរកប្រូតេអ៊ីន នោះយើងនឹងអាចព្យាបាលជំងឺនេះបានទាន់ពេល”។

ទាក់ទងនឹងសន្និសីទពាក់កណ្តាលឆ្នាំលើកទី៣ ស្តីពី “នាវានុវត្តន៍នៃការព្យាបាលលើផលវិបាកសសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត” លោកបាននិយាយថា “សន្និសីទនេះគឺល្អណាស់។ ដំណើរការល្អ ។ មានអ្នកចូលរួមច្រើន ហើយខ្ញុំគិតថាវាគួរឱ្យចាប់អារម្មណ៍ណាស់ ។ វេទិកានេះ បានចែករំលែកបទពិសោធន៍ល្អៗទាក់ទងនឹងវិធីសាស្ត្រការព្យាបាល ការពារ ការថែរក្សា និងការធ្វើរោគវិនិច្ឆ័យ»។

លោកវេជ្ជបណ្ឌិត គ្រីស្តូហ្វើ លីវ បានឱ្យដឹងថា៖នេះជាដំណើរទស្សនកិច្ចលើកទី២របស់លោក មកកាន់ប្រទេសកម្ពុជា ហើយលោកបានសម្តែងការសាទរចំពោះការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកជំនាញថែទាំសុខភាពកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម និងផលវិបាករបស់វា។

លោកវេជ្ជបណ្ឌិត Leo បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យវេជ្ជសាស្ត្រ Auckland ក្នុងឆ្នាំ ២០០២ ហើយបានចំណាយពេលជាច្រើនឆ្នាំក្នុងការអនុវត្តនៅប្រទេសនូវែលសេឡង់ មុនពេលផ្លាស់ទៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០០៥ ។លោកគឺជាសមាជិកនៃមហាវិទ្យាល័យ Royal College of Physicians of Edinburgh និង Academy of Medicine ប្រទេសសិង្ហបុរី ហើយក៏មានតួនាទីជាសាស្រ្តាចារ្យជំនួយនៅសាលាវេជ្ជសាស្ត្រ Yong Loo Lin នៃសាកលវិទ្យាល័យជាតិសិង្ហបុរីផងដែរ៕