សន្ដិសុខសង្គម

មិនទាន់តាមរកឃើញមេឈ្មួញឈើក្រោយបង្រ្កាបបាន១២ម៉ែត្រត្រីគុណនៅខេត្តព្រះវិហារ

ដោយ៖ សុខុម

ព្រះវិហារ៖ ឈើខុសច្បាប់ជាច្រើនម៉ែត្រត្រីគុណដែលអាជ្ញាធរមានសមត្ថកិច្ចស្រុកឆែប និងស្រុករវៀង បង្រ្កាបបានកាលពីយប់ថ្ងៃទី២៧មេសា មកដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៥ ជំនាញមិនទាន់រកឃើញមេឈ្មួញនៅឡើយ។

សមត្ថកិច្ចចុះបង្រ្កាបបានឱ្យដឹងថា៖ ឈើដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ចំនួន៣គ្រឿង និងគោយន្ត ១គ្រឿង ត្រូវគេរាយការណ៍ថាមេឈ្មួញឈ្មោះ វីរៈ រស់នៅខេត្តកំពង់ចាម បានជួលប្រជាពលរដ្ឋឱ្យដឹកជញ្ជូនចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។រីឯខ្លួន(វីរៈ)គឺជាអ្នកបញ្ជាឱ្យដឹកទៅលក់បន្តនៅក្នុងខេត្តកំពង់ធំ។

ក្រោយមកត្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ ដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់យកគោយន្តកន្ត្រៃដឹកជញ្ជូនឈើ ៣គ្រឿង និងរឹបអូសបានឈើអារលេខ២ ប្រភេទឈើផ្តៀក សរុបមានចំនួនជាង ១២ម៉ែត្រត្រីគុណ។

បន្ទាប់ពីបង្រ្កាបគោយន្តកន្ត្រៃដឹកឈើទាំង ៣គ្រឿង រួមទាំងឈើជាង ១២ម៉ែត្រត្រីគុណ ត្រូវបាននាំយកទៅរក្សាទុក ២គ្រឿង នៅស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរ(រំចេក) និង១គ្រឿងទៀតរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕