ប្រែសម្រួល៖ស-សម្បត្តិ

នេប៉ាល់នឹងចេញលិខិតអនុញ្ញាតឡើងភ្នំអេវើរេសត៍តែចំពោះអ្នកដែលមានបទពិសោធឡើងភ្នំកម្ពស់យ៉ាងតិច ៧.០០០ ម៉ែត្រ (២២.៩៦៥ ហ្វីត) នៅក្នុងប្រទេសហិមាល័យមួយនេះ យោងតាមសេចក្តីព្រាងច្បាប់ថ្មីដែលមានគោលបំណងកាត់បន្ថយភាពកកកុញនិងលើកកម្ពស់សុវត្ថិភាព។
នេប៉ាល់ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការឡើងភ្នំ ការដើរកម្សាន្ត និងទេសចរណ៍សម្រាប់ប្រាក់រូបិយប័ណ្ណបរទេស បានទទួលការរិះគន់ដោយសារតែបានអនុញ្ញាតឱ្យមានអ្នកឡើងភ្នំច្រើនពេក រួមទាំងអ្នកដែលគ្មានបទពិសោធផង ក្នុងការព្យាយាមឡើងទៅកំពូលដែលមានកម្ពស់ ៨.៨៤៩ ម៉ែត្រ (២៩.០៣២ ហ្វីត)។
ការណ៍នេះជាញឹកញាប់បណ្តាលឱ្យមានជួរវែងនៃអ្នកឡើងភ្នំនៅក្នុង “តំបន់មរណៈ” ដែលជាតំបន់នៅក្រោមកំពូលភ្នំដែលគ្មានអុកស៊ីហ្សែនធម្មជាតិគ្រប់គ្រាន់សម្រាប់ការរស់រានមានជីវិត។
ភាពកកកុញត្រូវបានចោទប្រកាន់ថាជាមូលហេតុនៃការស្លាប់ចំនួនច្រើននៅលើភ្នំនេះ។ យ៉ាងហោចណាស់មានអ្នកឡើងភ្នំ ១២ នាក់បានស្លាប់ និងមាន ៥ នាក់ទៀតបានបាត់ខ្លួននៅលើជម្រាលភ្នំអេវើរេសត៍នៅឆ្នាំ ២០២៣ នៅពេលដែលនេប៉ាល់បានចេញលិខិតអនុញ្ញាតចំនួន ៤៧៨។ អ្នកឡើងភ្នំ ៨ នាក់បានស្លាប់កាលពីឆ្នាំមុន។
ក្រោមច្បាប់ដែលបានស្នើឡើង លិខិតអនុញ្ញាតឡើងភ្នំអេវើរេសត៍នឹងត្រូវចេញតែបន្ទាប់ពីអ្នកឡើងភ្នំផ្តល់ភស្តុតាងថាបានឡើងភ្នំកម្ពស់យ៉ាងតិច ៧.០០០ ម៉ែត្រនៅនេប៉ាល់។
សាដា ឬមេដឹកនាំបុគ្គលិកមូលដ្ឋាន និងមគ្គុទ្ទេសក៍ភ្នំដែលដឹកនាំអ្នកឡើងភ្នំត្រូវតែជាពលរដ្ឋនេប៉ាល់ផងដែរ។
សេចក្តីព្រាងច្បាប់នេះត្រូវបានចុះបញ្ជីនៅសភាជាតិ ដែលជាសភាខាងលើនៃរដ្ឋសភា ដែលសម្ព័ន្ធភាពកាន់អំណាចមានសំឡេងភាគច្រើនតម្រូវឱ្យអនុម័តច្បាប់នេះ។
ប្រតិបត្តិករការធ្វើដំណើរអន្តរជាតិបានជំរុញឱ្យនេប៉ាល់អនុញ្ញាតឱ្យភ្នំកម្ពស់ ៧.០០០ ម៉ែត្រណាមួយ មិនមែនតែនៅក្នុងប្រទេសហិមាល័យនេះទេ សម្រាប់លិខិតអនុញ្ញាតឡើងភ្នំអេវើរេសត៍។
“រឿងនោះនឹងគ្មានន័យទេ។ ហើយខ្ញុំនឹងបន្ថែមភ្នំដែលមានកម្ពស់ជិត ៧.០០០ ម៉ែត្រទៅក្នុងបញ្ជីនោះផងដែរ ហើយភ្នំដែលត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ការត្រៀមខ្លួន ដូចជាភ្នំអាម៉ា ដាប្លាម អាកុងកាហ្គា ដេណាលី និងភ្នំដទៃទៀត” បានលោក លូកាស ហ្វូតិនបាច មកពីប្រតិបត្តិករការធ្វើដំណើរមូលដ្ឋាននៅអូទ្រីស Furtenbach Adventures មានប្រសាសន៍។
លោកហ្វូតិនបាច ដែលបច្ចុប្បន្នកំពុងដឹកនាំការធ្វើដំណើរលើភ្នំអេវើរេសត៍ បាននិយាយថាមគ្គុទ្ទេសក៍ភ្នំមកពីប្រទេសផ្សេងទៀតក៏ត្រូវតែអនុញ្ញាតឱ្យធ្វើការនៅលើភ្នំអេវើរេសត៍ផងដែរ ដោយសារមានមគ្គុទ្ទេសក៍ភ្នំនេប៉ាល់ដែលមានគុណវុឌ្ឍិមិនគ្រប់គ្រាន់។
“វាសំខាន់ណាស់ដែលមគ្គុទ្ទេសក៍ភ្នំមានគុណវុឌ្ឍិដូចជា IFMGA (សហព័ន្ធអន្តរជាតិនៃសមាគមមគ្គុទ្ទេសក៍ភ្នំ) ដោយមិនគិតពីសញ្ជាតិរបស់ពួកគេទេ។ យើងក៏ស្វាគមន៍មគ្គុទ្ទេសក៍ IFMGA នេប៉ាល់ឱ្យធ្វើការនៅអាល់ក្នុងអឺរ៉ុបផងដែរ។” គាត់បានប្រាប់ Reuters។
លោក ហ្គារេត ម៉ាឌីសុន នៃក្រុមហ៊ុន Madison Mountaineering មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បាននិយាយថាភ្នំកម្ពស់ ៦.៥០០ ម៉ែត្រនៅទីណាក៏បាននៅលើពិភពលោកនឹងជាគំនិតល្អជាង។
“វាពិបាកពេកក្នុងការរកភ្នំកម្ពស់ជាង ៧.០០០ ម៉ែត្រដែលសមរម្យនៅនេប៉ាល់” លោក ម៉ាឌីសុន បាននិយាយ។
មានកំពូលភ្នំជាង ៤០០ នៅនេប៉ាល់ដែលបើកចំហរសម្រាប់ការធ្វើដំណើរ ក្នុងចំណោមនោះ មាន ៧៤ កំពូលដែលខ្ពស់ជាង ៧.០០០ ម៉ែត្រ យោងតាមទិន្នន័យក្រសួងទេសចរណ៍។
ទោះជាយ៉ាងណាក៏ដោយ កំពូលភ្នំទាំងនោះមិនសូវពេញនិយមក្នុងចំណោមអ្នកឡើងភ្នំទេ មន្ត្រីដើរភ្នំបាននិយាយ។
“មានតែភ្នំ ៧.០០០ ម៉ែត្រមួយចំនួនតូចប៉ុណ្ណោះដែលទាក់ទាញអ្នកឡើងភ្នំ” បាននិយាយដោយលោក តាស៊ី ឡាក់ប៉ា ឆឺប៉ា នៃក្រុមហ៊ុន 14 Peaks Expedition ដែលជាក្រុមហ៊ុនរៀបចំការដំណើរធំមួយនៅនេប៉ាល់។ លោក តាស៊ី បានឡើងភ្នំអេវើរេសត៍ប្រាំបីដង៕
