សន្ដិសុខសង្គម

ទណ្ឌិតចំនួន២២នាក់ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ កន្លងទៅថ្មីៗនេះក្នុងនោះទណ្ឌិតជាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន២២នាក់ ត្រូវបានប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

នេះបើតាមកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ធ្វើឡើងនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានឲ្យបានឲ្យដឹងថា : ពន្ធនាគាតខេត្តបានធ្វើការអនុវត្តចូលរួមប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសជារៀងរាល់ឆ្នាំ។

ចំពោះទណ្ឌិតដែលបានខិតខំកែប្រែខ្លួននៅពេលជាប់ឃុំឃាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់កន្លងមកនេះ គឺបាន២២នាក់ (ស្រី២នាក់) ត្រូវបន្ធូរបន្ថយទោសនោះ។

លោកបានបន្តថា : បច្ចុប្បន្នអ្នកជាប់ពន្ធនាគារគឺមានការកើនឡើងជិត ៣.០០០នាក់ ។

មន្ត្រីរបស់អង្គភាពបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែ ស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដល់ជនជាប់ឃុំ មានការអប់រំផ្លូវចិត្តព្រមទាំងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ ធ្វើការបែងចែក ចំណាប់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធីនៃច្បាប់។ល។

នាឱកាសនោះ លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តនិងលោក ឃូ ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ កោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវទៅតាមតួនាទី.ភារកិច្ច រៀងៗខ្លួនទទួលបានលទ្ធផលល្អប្រសើរនិងមានប្រសិទ្ធភាព ពិសេសលើកការគ្រប់គ្រង ការការពារនិងថែរក្សាយ៉ាងតឹងរឹងចំពោះជនជាប់ឃុំ ។

លោកឃូ ពៅ បានថ្លែងបន្ថែមថា : ក៏សូមអរគុណចំពោះប្អូនៗទណ្ឌិតទាំង២២នាក់នេះ បានធ្វើការកែប្រែខ្លួន គោរពវិន័យបានល្អ ហើយពេលបានវិលត្រឡប់ផ្ទះ ស្រុកភូមិវិញ  សូមធ្វើជាមនុស្សល្អ កុំប្រព្រឹត្តអំពើខុសបន្តទៀត ព្រោះថាប្អូនៗនៅមានអនាគតវែងឆ្ងាយ ។

ជាក់ស្ដែងអង្គភាពពន្ធនាគាខេត្តបានទទួលព្រះរាជក្រឹត្យបន្ធូរបន្ថយទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ ចំនួន ២២នាក់ / ស្រី ២នាក់។ក្នុងនោះបន្ធូរបន្ថយទោស ៣ខែ ចំនួន២០នាក់ និងបន្ធូរបន្ថយទោស ៦ខែ ចំនួន២នាក់ផងដែរ៕