អន្តរជាតិ

យន្តហោះអាមេរិកតម្លៃ ៦០ លានដុល្លារបានធ្លាក់បាត់ពីនាវាផ្ទុកយន្តហោះចូលក្នុងសមុទ្រ

ប្រែសម្រួល៖សហការី

យន្តហោះចម្បាំង F/A-18 Super Hornet របស់កងទ័ពជើងទឹកអាមេរិកបានបាត់បង់នៅសមុទ្រ បន្ទាប់ពីវាបានធ្លាក់ចេញពីនាវាផ្ទុកយន្តហោះ USS Harry S. Truman ខណៈពេលកំពុងត្រូវបានទាញចូលទៅក្នុងនាវា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកកាលពីថ្ងៃចន្ទ។

មន្ត្រីអាមេរិកបាននិយាយថា របាយការណ៍ដំបូងពីកន្លែងកើតហេតុបានបង្ហាញថា នាវា Truman បានបត់យ៉ាងខ្លាំងដើម្បីគេចពីការបាញ់របស់ក្រុមហ៊ូទី ដែលជាកត្តារួមចំណែកធ្វើឱ្យយន្តហោះចម្បាំងធ្លាក់ចេញពីនាវា។ ក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែនបានអះអាងកាលពីថ្ងៃចន្ទថា ពួកគេបានបាញ់មីស៊ីលនិងឧទ្ធម្ភាគចក្រគ្មានមនុស្សបើកលើនាវាផ្ទុកយន្តហោះ ដែលស្ថិតនៅក្នុងសមុទ្រក្រហមជាផ្នែកនៃប្រតិបត្តិការសំខាន់របស់កងទ័ពអាមេរិកប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។

បុគ្គលិកទាំងអស់នៅលើនាវាត្រូវបានរាប់គ្រប់ចំនួន ហើយនាវិកម្នាក់បានរងរបួសស្រាល នេះបើតាមការបញ្ជាក់របស់កងទ័ពជើងទឹក៕